ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបន្តដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរខេត្តក្រុងនឹងក្រុមរុករក និងសង្គ្រោះ កម្ពុជា-ថៃ បានបន្តប្រតិបត្តិការនៅវេលាម៉ោង ០៧ព្រឹក នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងអគារកាស៊ីណូ ដែលរងការឆាបឆេះធ្ងន់ធ្ងរមិនធ្លាប់មាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបន្តដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរខេត្តក្រុង គ្រប់គ្រងការឆេះបានប្រមាណ ៩០%ហើយ នៅប្រមាណ ១០% ។ ការសម្រេចតម្កល់សពជនរងគ្រោះ ក្រោយ រកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច ( វត្តខ្មែរក្នុងក្រុងប៉ោយប៉ែត ) មានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនធ្វើការដឹកចេញទៅប្រទេសថៃ និងតំបន់គោលដៅនានានេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាគ្នារវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក អ៊ុំ រាត្រី ជាអភិបាលខេត្ត ជាមួយអាជ្ញាធរថៃ។ ប៉ុន្តែមុនមានការសម្រេចនេះ កាលពីទាបភ្លឺ បន្ទាប់ពីរកឃើញសព និងអ្នករងរបួសមួយចំនួន សមត្ថកិច្ចថៃ ក៏បានដឹកសព និងអ្នករបួសជាច្រើននាក់ដែរ ដើម្បីសង្គ្រោះបន្ទាន់នៅប្រទេសថៃ។
គួរជម្រាបថា របាយការណ៍ក្រុមសង្គ្រោះគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរងរបួសធ្ងន់និងស្រាលជិត១០០នាក់។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។
សេចក្ដីរាយការណ៍បានបន្ថែមទៀតថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មីនៅក្នុងប្រទេសកម្ពុជា។
ខាងភាគីថៃគាត់បានផ្តល់ក្តារមឈូស ចំនួន ២០ សម្រាប់ដាក់ប្រជាពលរដ្ឋដែលបានស្លាប់ក្នុងហេតុកាណ៍ គ្រោះអគ្គិភ័យ នៅប៉ោយប៉ែត ។
សូមបញ្ជាក់បន្តថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕