ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ជាទិដ្ឋភាពរួម សម្រាប់ប្រទេសជាតិទាំងមូល ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់។
ឯកឧត្តម សូមអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំងមូល។ ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹងជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្សរបស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ, បុគ្គលិក និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានពុះពារច្នៃប្រឌិតក្នុងការបង្ហាត់បង្រៀននិស្សិតតាមបែបចម្រុះ ទាំងការបង្រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតអាចសិក្សារៀនសូត្រដោយគ្មានការអាក់ខានក្នុងរយៈកាលរីករាលដាលនៃជំងឺកូវីដ-១៩ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ជាមួយគ្នានេះ សូមអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានផ្ដល់អាហារូបករណ៍ជូនដល់ សម្ដេចតេជោនាយរដ្ឋមន្រ្តី និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ននេះ សរុបចំនួន ១០០ នាក់ ដែលនេះ គឺជាទឹកចិត្ត និងកាយវិការប្រកបដោយធម៌សប្បុរសថ្លៃថ្លានៅក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។