ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ប្រជាពលរដ្ឋ ប្រទះឃេីញសាកសពមានសភាពស្អុយរលួយ មិនស្គាល់អត្តសញ្ញាណ នៅចំណុចអូរគៀប ភូមិសាស្រ្តភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។
លោកវរសេនីយ៍ត្រី រិន ឡឹប នាយប៉ុស្តិ៍ឃុំស្លក្រាម បានឱ្យដឹងថា ៖ នៅចន្លោះម៉ោង១១និង៣០នាទី ថ្ងៃទី១៥ខែកុម្ភៈម្សិលមិញ មានប្រជាពលរដ្ឋឈ្មោះ ឡុង គឹមឡាង ភេទប្រុស អាយុ១៨ ត្រូវជាកូនឈ្នួល ដាំបាយឱ្យតៃកុងអែសស្កា របស់ឈ្មោះ ព្លេន សាលឿន បានប្រទះឃើញមនុស្សស្លាប់ម្នាក់ មានសភាពរលះរលួយ នៅចំណុចអូរគៀបភូមិសាស្រ្តឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សពភេទប្រុស អាយុចន្លោះ៥០ទៅ៦០ឆ្នាំ ស្លៀកខោកីឡាពណ៌ខៀវឆ្នូតពណ៌ក្រហម អាវដៃវែងការ៉ូពណ៌ស-ខ្មៅ។
នាយប៉ុស្តិ៍ឃុំស្លក្រាម បានបញ្ជាក់ថា ៖ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព មានការចូលរួមពីលោក ហឿង សរ ពេទ្យមណ្ឌលសុខភាពឃុំស្លក្រាម លោកវរ:សេនីយ៍ត្រី សៀង សុំ នាយផ្នែកយុត្តិធម៍ លោក អនុសេនីយ៍ឯក កាន សំអូននាយរងផ្នែកពិនិត្យវិភាគ អាជ្ញាធរមូលដ្ឋាន។
យោងតាមការត្រួតពិនិត្យសាកសព សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ដាច់បាយដាច់ ទឹកបណ្ដាលឱ្យកេីតខ្យល់មិនជាប់ពាក់ព័ន្ធនិងបទល្មើសឃាតកម្ម៕