(ស្វាយរៀ) ៖ នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣នេះនៅឃុំតាសួសមានបើកការប្រកួតកីឡាមហាជនមិត្តភាព អបអរសាទរទិវាអន្តរជាតិ ០៨មីនាខួប លើកទី១១២ ក្រោមប្រធានបទ《 ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ប្រចាំឃុំតាសួស》ដែលមានកីឡាករមកដាក់ពាក្យចំនួន ១០ក្រុម ដើម្បីប្រកួតប្រជែង ដណ្តើមយកជើងឯងក្រោមអធិបតីភាពលោក សុខ សារ៉ូត អនុប្រធានក្រុមការងារថ្នាក់ស្រុកចុះជួយឃុំតាសួស ។
នៅកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី តំណាងក្រុមការងារថ្នាក់ខេត្ត និង តំណាងសប្បុរសជនមកពីរាជធានីភ្នំពេញ លោកស្រី ពៅ បណ្តាំ មេឃុំតាសួស លោក ឯក ហ៊ុន គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ឃុំតាសួស លោកមេភូមិតាប៉ ក្រុមកីឡាករទាំង ១០ក្រុម និងបងប្អូនដែលស្រលាញ់គាំទ្រលើវិស័យកីឡាបាលទាត់ជាច្រើនផងដែរ។
លោកស្រី ពៅ បណ្តាំ មេឃុំតាសួសបានបញ្ជាក់ថាក្នុងការប្រកួតនេះមានក្រុមចំនួន១០ក្រុមមកដាក់ពាក្យសុំចូលរួមប្រកួតប្រជែងដើម្បីដណ្តើមយកលេខ១ធ្វើជាម្ចាស់ជើងឯង ហើយក្នុងចំណោម១០ក្រុមនោះក៏មានក្រុមនារីចំនួន២ក្រុមផងដែរ ។
ឆ្លៀតនាឱកាសនោះដែរលោក សុខ សារ៉ត អនុប្រធានក្រុមការងារថ្នាក់ស្រុកចុះជួយមូលដ្ឋានឃុំតាសួសបានណែនាំដល់ ក្រុមកីឡាករទាំងអស់សូមលេងកីឡាដើម្បីសុខភាព មិត្តភាព និងទំនាក់ទំនងល្អនៅក្នុងសង្គម ហើយត្រូវធ្វើខ្លួនជាយុវជនល្អ យុវជនគំរូ ជាទំពាំងស្នងឬស្សី ខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ ពោលគឺធ្វើជាយុវជនគំរូដល់ក្មេងៗជំនាន់ក្រោយ។ លោកបានបញ្ជាក់បន្ថែមថាកាលដែលយើងអាចរៀបចំពិធីនេះបានគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះសូមបងប្អូនទាំងអស់គ្នាចូលរួមដាច់ខាតក្នុងការ ការពារសន្តិភាពទាំងអស់គ្នា៕