ភ្នំពេញ៖ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការពិធីបើក និងបិទនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់»នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២នឹងទទួលបានលទ្ធផលជាវិជ្ជមាន។
ឯកឧត្តមបានសម្តែងនូវការជឿជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មានស្តីពី«កីឡាគ្មានថ្នាំជក់» ដែលធ្វើឡើងនារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ក្នុងព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការអនុវត្តគោលការណ៍នេះនឹងមានប្រសិទ្ធភាពខ្ពស់ ហើយបងប្អូនប្រជាពលរដ្ឋនឹងគាំទ្រពេញទំហឹងផងដែរ ។ឯកឧត្តម បន្តថាក្រសួងទេសចរណ៍ ក៏បានរៀបចំការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការត្រៀមបដា និងមានក្រុមយុវជនស្ម័គ្រចិត្តជួយអប់រំផ្សព្វផ្សាយពីបញ្ហានេះ ទាំងមុន និងក្នុងព្រឹត្តិការកីឡានេះចាប់ផ្តើម ហើយបើក្រុមហ៊ុន ឬបុគ្គលណាមិនអនុវត្តបំរាមនេះ ក្រុមការងារនឹងធ្វើការអប់រំ និងអនុវត្តវិធានរដ្ឋបាលយ៉ាងតឹងរឹង។ លោកអះអាងដែរថា បើសិនជាកម្ពុជាអនុវត្តផែនការនេះបាន គឺពិតជាល្អប្រសើរ ព្រមទាំងបានលើកមុខមាត់ប្រទេសជាតិក្នុងឆាកអន្តរជាតិ ព្រោះនេះជាព្រឹត្តិការណ៍សំខាន់។
ក្នុងក្នុងសន្និសីទសារព័ត៌មានស្តីពី«កីឡាគ្មានថ្នាំជក់» នេះដែរ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងដែរថាការអនុវត្តគោលការណ៍ កីឡាគ្មានថ្នាំជក់ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនរួមមាន ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្ដង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យផងដែរ៕