ខេត្តស្វាយរៀង ៖ ក្រោយពីមានសារព័ត៌មានចុះផ្សាយតាមបណ្ដាញសង្គមរដ្ឋបាលស្រុករំដួលបានចេញសេចក្ដីបំភ្លឺថា៖រដ្ឋបាលស្រុករំដួល សូមធ្វើការបដិសេធ ចំពោះការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនង សង្គម (Facebook Page) សារព័ត៌មាន ដែលបានចុះ ផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយលោក ទិត្យ ស៊ីថា និងឈ្មោះ មាស សង្ហា បានចោទប្រកាន់ មកលើអាជ្ញាធរដែនដីថាមិនអនុញ្ញាតឱ្យចាក់ដី ស្ថិតនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្ត ស្វាយរៀង គឺជារឿងមិនពិតឡើយ។
ក្នុងនាមរដ្ឋបាលស្រុករំដួល សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការលើក ឡើងរបស់លោក ទិត្យ ស៊ីថា និងឈ្មោះ មាស សង្ហា តាមរយៈសារព័ត៌មាន គឺជាព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយ ដោយស្នើសុំសារព័ត៌មាន ដែលបានចុះផ្សាយតាមបណ្ដាញសង្គម សូមធ្វើការផ្សព្វផ្សាយតាមតម្រូវចិត្ត ខ្លួនឯង ថែមទាំងនិយាយពាក្យអសុរោះ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់មន្ត្រីរាជការសាធារណៈ។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឈ្មោះ មាស សង្ហា បានចាក់ដីលុប រំលោភលើដីព្រែក ពេលនោះ រដ្ឋបាលស្រុក បានចាត់ក្រុមការងារចុះពិនិត្យជាក់ស្ដែង និងបានធ្វើកិច្ចសន្យាឱ្យឈ្មោះខាង លើបញ្ឈប់សកម្មភាពចាក់ដីរំលោភលើដីព្រែកតទៅទៀត។
ក្រោយមក រដ្ឋបាលស្រុករំដួល ក៏បានទទួលលិខិតលេខ ០២៥ ម.ធទន.ស្វរ ចុះថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៣ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ស្តីពីករណីចាក់ដីចូលព្រែក សំរោង មានទំហំប្រមាណ ១,៧៩៥ ម២ ស្ថិតនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយ រៀង ជាដីកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម។
បន្ទាប់មកទៀតរដ្ឋបាលឃុំ ក៏បានរាយការណ៍ថាឈ្មោះ មាស សង្ហា មានបំណងចាក់ដីលើទីតាំង ដែលមានរបងជាប់នឹងព្រែក ក្រោយពីទទួលបានព័ត៌មាននេះ ក្រុមការងារបានចុះទៅណែនាំឈ្មោះ មាស សង្ហា ឱ្យសុំច្បាប់អនុញ្ញាតចាក់ដី និងបង្ហាញឯកសារពាក់ព័ន្ធនឹងប្រវត្តិដីជាមុនសិន ប៉ុន្តែឈ្មោះ មាស សង្ហា មិនបានសហការ និងធ្វើតាមការណែនាំរបស់ក្រុមការងារនោះឡើយ បែរជាទាក់ទងអ្នកសារ ព័ត៌មានមកផ្សព្វផ្សាយថា អាជ្ញាធរហាមឃាត់មិនឱ្យចាក់ដីទៅវិញ។
រដ្ឋបាលស្រុករំដួល ស្នើលោក ទិត្យ ស៊ីថា និងឈ្មោះ មាស សង្ហា កែតម្រូវខ្លឹមសារព័ត៌មានដែលបាន លើកឡើងតាមរយៈសារព័ត៌មាន តាមបណ្ដាញសង្គម ក្នុងករណីមិនមានការកែតម្រូវទេ រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវ ច្បាប់៕