ខេត្ដស្វាយរៀង៖ ក្រោយមានករណីផ្ទុះជម្លោះរវាងម្ចាស់ដីនិងអាជ្ញាធរ រឿងចាក់ដីលុបព្រែកសាធារណៈ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះឯកឧត្តម ហែម ពិសិដ្ឋ អអភិបាលរងខេត្តតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះ ចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ ជុំវិញរឿងចាក់ដីចូលដីចំណីព្រែកមួយកន្លែងស្ថិតក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងបានចុះពិនិត្យផ្ទាល់ដល់ទីតាំងដីផងដែរ។
ការចុះដោះស្រាយវិវាទនេះ មានចូលរួមពីលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលស្រុករំដួល លោកមេឃុំកំពង់អំពិល លោកមេភូមិត្រពាំងដំរី និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។
នាឱកាសនោះឯកឧត្តម ហែម ពិសិដ្ឋ បានថ្លែងថា ចំពោះករណីនេះលោកនឹងឲ្យលោកប្រធានមន្ទីរធនធានទឹក សហការជាមួយរដ្ឋបាលស្រុកមន្ត្រីសុរិយោដីខេត្តស្រុក ចុះពិនិត្យវាស់វែងកំណត់ព្រំដី ចំណីព្រែកចំណីអូរ ចាប់ពីចំណុច កើតហេតុនេះរហូតដល់ព្រំដែន ដើម្បីទប់ស្កាត់ទំនាស់និងជនខិលខូចលួចចាក់ដីរំលោភយកដីព្រែកចំណីព្រែកសាធារណៈរបស់ទៅធ្វើជាកម្មសិទ្ធិ។
ជាលទ្ធផលឈ្មោះ មាស សង្ហា ដែលជាម្ចាស់អ្នកចាក់ដី យល់ព្រមតាមដំណោះស្រាយគឺ បើអាជ្ញាធរវាស់វែងទៅ ប៉ះពាល់កំណត់ចំណីព្រែកនិងអូរត្រឹមណា ហើយវាស់វែងឲ្យខ្លួនត្រឹមណា គឺទទួលយកប៉ុណ្ណឹង។
បេីតាមលោក ហែម ស៊ីណា អភិបាលស្រុករំដួល ក៏បានបញ្ជាក់ពីរឿងរ៉ាវឱ្យដឹងដូចនេះថា កាលពីថ្ងៃទី១៦,១៧ និង១៨ខែកុម្ភៈ២០២៣ មានឈ្មោះ មាស សង្ហា អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងដំរីឃុំកំពង់អំពឹល បានដឹកដីលុបព្រែកនិងដីចំណីព្រែកលាក់ដំរី យកធ្វើជាកម្មសិទ្ធិ អាជ្ញាធរឃុំ ចុះទៅឃាត់មិនព្រមបញ្ឈប់ទើបក្រុមការងាររដ្ឋបាលស្រុករំដួលចុះទៅឃាត់ហើយរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីមន្ទីរធនធានទឹកចុះពិនិត្យជាក់ស្តែងឃើញថា ពិតជាចាក់ដីចូលព្រែកនិងចំណីព្រែកពិតប្រាកដមែន ទទឹង ១០ម៉ែត្របណ្តោយ៥០ម៉ែត្រអាជ្ញាធរបានឲ្យកាយដី ចេញដូចសភាពដើមវិញ។
លោកប្រធានមន្ទីរធនធានទឹក ពិនិត្យហើយបានចេញលិខិតមកលោកអភិបាលស្រុក សុំអន្តរាគមន៍និងមានវិធានការកាយដីប្រមាណ១,៧៩៥ម៉ែត្រការ៉េ ។ ដោយឡែកកាលពីពេលថ្មីៗនេះ ការរាយការណ៍លោកមេឃុំ ថា ឈ្មោះ មាសសង្ហា នេះចងចាក់ដីនៅផ្នែកខាងត្បូងជាប់ដីចាក់ថ្មី លោកអភិបាលស្រុកឲ្យដាក់ពាក្យស្នើសុំ មករដ្ឋបាលស្រុកដោយភ្ជាប់នូវលិខិតពាក់ពន្ធ័មកជាមួយផងទើបអនុញ្ញាតឲ្យចាក់ដី។
លោក ហែម ស៊ីណា បានឲ្យដឹងថា ក្នុងនោះក៏មានលោកវរៈសេនីយ៍ឯកទិត្យ ស៊ីថា មេបញ្ជាការវរៈការពារព្រំដែនគោកនៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និយាយចោទប្រកាន់តាមបណ្តាញសង្គមហ្វេសបុក មកលើអាជ្ញាធរស្រុកថា ជាអ្នកមិនអនុញ្ញាតហើយដៀលអាជ្ញាធរថា ជាមន្ត្រីផ្លែល្ពៅ គ្មានភាពទទួលខុសត្រូវដោយស៊ីញេនិងដៃ លុបនិងជើង ជាអ្នកបំផ្លាញគណបក្សប្រជាជន នេះជាប្រមាថយ៉ាងធ្ងន់ធ្ងរ ។
រដ្ឋបាលស្រុករំដួល ក៏បានចេញលិខិតប្រតិកម្ម សូមឲ្យលោក ទិត្យ ស៊ីថា ចេញលិខិតសុំទោសជាសាធារណៈ បើពុំដូច្នោះទេ លោក ហែម ស៊ីណា និងចាត់ការតាមនីតិវិធីច្បាប់។
ទាក់ទិនករណីនេះដែរលោក ទិត្យ ស៊ីថា បានឲ្យដឹងថា លោកពិតជាបាននិយាយថា មន្ត្រីគ្រាប់ល្ពៅ ពិតប្រាកដមែន ដោយអាជ្ញាធរគ្មានភាពទទួលខុសត្រូវ សុីញេ និងដៃ លុបនិងជើង ចេញលិខិតបញ្ជាក់ទទួលស្គាល់ដីឲ្យប្រជាពលរដ្ឋ ឈ្មោះ សង្ហា ហើយបែជាបដិសេធន៍មិនទទួលស្គាល់ ហើយហាមឃាត់មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចាក់ដីលើកភូមិ មន្ត្រីបែបនេះ គឺខ្មែរហៅថាមន្ត្រីគ្រាប់ល្ពៅ មន្ត្រីគ្រាប់ត្នោត ហើយមន្ត្រីបែបនេះហើយជាអ្នកបំផ្លាញសន្លឹកឆ្នោតគណបក្សប្រជាជន ក្នុងនាមលោកជាមន្ត្រីគណបក្សប្រជាជនត្រូវតែនិយាយ ហើយបើលោកនិយាយភាពត្រឹមត្រូវ ឲ្យទៅសុំទោសជាសាធារណៈលោកមិនសុំទេគឺលោកមិនខុស។
លោក ហែម ស៊ីណា បានបញ្ជាក់ថា ប្រជាពលរដ្ឋ ចង់ចុះបញ្ជីដីធ្លីឬលក់ទិញ ផ្ទេរកម្មសិទ្ធិត្រូវស្នើរសុំទៅរដ្ឋបាលស្រុកដើម្បីធ្វើឲ្យត្រឹមត្រូវតាមច្បាប់ ចៀសវាងមានជម្លោះទៅថ្ងៃក្រោយ។
មហាជនរង់ចាំមើលថា ក្នុងនាម លោកទិត្យ ស៊ីថា ជាមន្ត្រីគណបក្សប្រជាជនផងនោះបានចោទប្រកាន់តាមបណ្តាញសង្គមហ្វេសបុក មកលើអាជ្ញាធរស្រុកថា ជាអ្នកមិនអនុញ្ញាតហើយដៀលអាជ្ញាធរថា ជាមន្ត្រីផ្លែល្ពៅ គ្មានភាពទទួលខុសត្រូវដោយស៊ីញេនិងដៃ លុបនិងជើង ជាអ្នកបំផ្លាញគណបក្សប្រជាជន នេះជាប្រមាថយ៉ាងធ្ងន់ធ្ងរ និងមានវាសនាទៅជាយ៉ាងណា?៕