ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នៅថ្ងៃ សុក្រ ទី ៥ ខែ ឧសភា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារសាខា អនុសាខាស្រុក នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅ នៅឃុំតាសួស និងឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បណ្តាលឲ្យខូចខាតផ្ទះចំនួន ២២ ខ្នង ក្នុងនោះធ្ងន់ធ្ងរ ៥ ខ្នង មធ្យម ៦ ខ្នង តិចតួច ១១ ខ្នង និងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ មូលហេតុដោយសារពេលភ្លៀង ខ្យល់កំពុងបក់បោកខ្លាំង គាត់រត់ចុះពីលើផ្ទះមកក្រោមបណ្ដាលអោយរអឹលដួលបោកក្បាលនៅកាំជណ្ដើរស្លាប់តែម្ដង។
អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងមធ្យមក្នុង ១ គ្រួសារទទួលបាន៖អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម ធុងទឹកជ័រ ១ កៅស៊ូតង់ ១ ឆ្នាំងបាយ-សម្លរ ២ ថវិកា ២ សែន រៀល សម្រាប់គ្រួសាររងគ្រោះតិចតួចទទួលបានថវិកា ៦ ម៉ឺនរៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញផងដែរ៕