ខេត្តបាត់ដំបង ៖ គយថៃចាប់ជីគីមីចំនួន៣០ការ៉ុងដែលភាគីថៃបានអះអាងថាជាប្រភេទជីក្លែងក្លាយត្រូវបានកម្លាំងចម្រុះថៃធ្វើការត្រួតពិនិត្យនិងដកហូតយកទៅរក្សាទុកខណៈដែលជីគីមីទាំងនេះ ត្រូវបានជនមិនស្គាល់មុខដឹកយកទៅលាក់ទុកនៅក្នុងគុម្ពោធព្រៃក្បែខ្សែបន្ទាត់ព្រំដែនបម្រុងនាំចូលមកកម្ពុជា ។
យោងតាមរបាយការណ៍របស់ភាគីថៃបានលើកឡើងថាកិច្ចប្រតិបត្តិការល្បាតតាមខ្សែបន្ទាត់ព្រំដែនដែលក្នុងនោះមានលោក អនអ៊ុនថាវី ស័ព្ទប្រធានសាខាគយប្រចាំច្រកអន្តរជាតិភ្នំដី( ស្រុកសំពៅលូនខេត្តបាត់ដំបង ) សហការជាមួយ
ទាហានឈុតខ្មៅលេខ១៣តម្រួតអន្តោប្រវេសន៍ និងបសុពេទ្យ ។
នៅក្នុងកិច្ចប្រតិបត្តិការកាលពីវេលាម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី ៩ខែមិថុនាឆ្នាំ ២០១៩ នេះ កម្លាំងបានរកឃើញការ៉ុងជីគីមី យីហោក្បាលគោចំនួន ៣០ ការ៉ុងធំដែលជនមិនស្គាល់មុខបានយកទៅលាក់ទុកនៅក្នុងព្រៃរបោះមួយកន្លែងស្ថិតនៅខាងលិចផ្សារខៅឌិនក្នុងឃុំខ្លងហាតស្រុកខ្លងហាតខេត្តស្រះកែវ ប្រទេសថៃបើទោះបីជាកម្លាំងចម្រុះសួររកម្ចាស់បែបណាក៏ដោយក៏គ្មាននរណាម្នាក់ចេញមុខអះអាងថាជារបស់ខ្លួនដែរទើបសមត្ថកិច្ចចម្រុះបាននាំយកទៅត្រួតពិនិត្យនៅកន្លែងសាខាគយ ។
ជាលទ្ធផលគឺសមត្ថកិច្ចបានសន្និដ្ឋានថាអាចជារបស់ឈ្មួញណាម្នាក់ដែលគេបម្រុងលីឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីគេចពីការបង់ពន្ធផងនិងជាប្រភេទជីគីមីក្លែងក្លាយផង ។
បច្ចុប្បន្នជីទាំងនេះត្រូវបាននាំយកទៅរក្សាទុកនៅអង្គភាពគយ ស្រុកអារញ្ញបាថេត ក្នុងខេត្តស្រះកែវហើយ ៕