ស្វាយរៀង៖ មន្ត្រីសមត្ថកិច្ចការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ធ្វើការស្ទាក់ចាប់បានរថយន្តប្រភេទសាំយ៉ុង ១៥កៅអីមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 2A-1326 ត្រូវបានឈ្មួញធ្វើសកម្មភាពដោះកៅអីចេញ ហើយបានដាក់សត្វជ្រូករស់ប្រហែល២០ក្បាល នៅត្រង់ចំណុចផ្សារព្រាត់ប្រាស់ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីវេលាម៉ោង៩៖២០នាទីព្រឹក ចុងសប្តាហ៍កន្លងទៅ ស្របពេលនោះ ក៏មានមន្ត្រីយោធាម្នាក់ បានចេញមុខមកអន្តរាគមន៍ រំដោះយករថយន្តរបស់ឈ្មួញដឹកជ្រូកខុសច្បាប់ បើកចេញទៅបាត់ដោយសុវត្ថិភាព។
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង លោក ប៉ែន ចន្ធី បានឱ្យដឹងថា ពិតជាមានករណីខាងលើនេះមែន ប៉ុន្តែដោយសារកម្លាំងមន្ត្រីរបស់លោក មានគ្នាតិចពេក ទើបមិនអាចចាប់ឡានដឹកជ្រូកខាងលើនេះបាន ហើយម៉្យាងទៀតក៏ដោយសារតែមានមន្ត្រីយោធាម្នាក់ បានចេញមុខមកអន្តរាគមន៍ រំដោះយករថយន្តរបស់ឈ្មួញដឹកជ្រូកខុសច្បាប់ បើកចេញទៅបាត់ដោយសុវត្ថិភាព បើទោះបីជាមន្ត្រីជំនាញ បានយកម៉ូតូទៅដាក់ពាំងខាងមុខ ឡានឈ្មួញនោះក៏ដោយ។
ប្រភពដដែលបានឱ្យដឹងទៀតថា ចំពោះមន្ត្រីយោធា ដែលចេញមុខរំដោះរថយន្តដឹកជ្រូកនោះ លោកបានធ្វើរបាយការណ៍ ជម្រាបជូនថ្នាក់ដឹកនាំខេត្តរួចហើយ ព្រមទាំងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្វាយរៀងថែមទៀតផង។
ប្រភពព័ត៌មានពីមន្ត្រីសាលាស្រុកស្វាយជ្រំ បានឱ្យដឹងផងដែរថា មន្ត្រីយោធាស្រុកស្វាយជ្រំ ដែលចេញមុខកាងរំដោះឡានឈ្មួញ ដឹកជ្រូកខុសច្បាប់នោះឈ្មោះ គង់ ប៉ុន្តែមិនដឹងមានតួនាទីជាអ្វីឱ្យប្រាកដនោះទេ ហើយលោកក៏បានរាយការណ៍ជូនថ្នាក់ដឹកនាំរួចហើយ អំពីករណីនេះ ទុកជូនថ្នាក់លើសំរេចទៅចុះ។ មន្ត្រីដដែលបន្តថា មិនត្រឹមតែចេញមុខកាងបទល្មើសនោះទេ មន្ត្រីយោធារូបនោះថែមទាំងនិយាយថា ពីមុនពុំដែលមាននរណាហ៊ានចាប់នោះទេ គឺគេអាចរកស៊ីបានដោយរលូន និយាយជារួមគឺគ្មានបញ្ហា។
ពាក់ព័ន្ធករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មាន ពុំអាចធ្វើការទំនាក់ទំនងមន្ត្រីយោធា ឈ្មោះ គង់ នោះបានទេ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។ ដោយឡែកលោក ចេត សាមន មេបញ្ជាការផ្នែកសឹករងស្រុកស្វាយជ្រំ ពេលទូរស័ព្ទចូល លោកថាច្រឡំលេខហើយ។
សូមរំលឹកផងដែរថា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំលេខ០០២/១៩ សណនស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េសជ្រូកអាហ្វ្រិក ហើយពេលទទួលបានសេចក្តីណែនាំនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធនានា ត្រូវមានវិធានការណែនាំអនុវត្តជាក់ស្តែង ឱ្យបានសមស្រប និងមានប្រសិទ្ធភាពឈានទៅសម្រេចបាននូវ បរិមាណនិងគុណភាពខ្ពស់។
លោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានធ្វើការព្រមានធ្ងន់ៗ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ថាបើនៅតែប្រព្រឹត្តផ្ទុយទៅនឹងសេចក្តីណែនាំខាងលើនោះ លោកនឹងអនុត្តនូវអភិក្រមទាំង ៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាក់ជាមិនខានឡើយ៕