ព្រះសីហនុ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅមុននេះបន្តិច ដោយបានសរសេរថា “ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុស លើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើរមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ”។
សម្តេចបានបន្តថា៖ “ខ្ញុំបានយល់ព្រមអោយគាត់លាលែង និងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង”។
ជាមួយគ្នានោះ សម្តេចតេជោ បានសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែងផងដែរ ដោយសម្តេចបានបញ្ជាក់ថា “ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ”៕