ខេត្តស្វាយរៀង៖បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត តាមប្រម៉ាញ់ចាប់ខ្លួនករណីលួចម៉ូតូនៅចំនុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមនេះគឺជាមុខសញ្ញាចោរលួចម៉ូតូ០១គ្រឿងម៉ាក SIRIUS ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ 62-P1 452.03 កាលពីម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នៅចំនុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងរបស់ឈ្មោះ សេក ភ័ត្រ្តា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង៥និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បាននៅត្រង់ចំនុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជនសង្ស័យមានឈ្មោះ ម៉ាយ កុងទឹងអាង (MAI CONG TUAN ANH) ភេទប្រុស អាយុ២៤ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចាំវាំងហាយ ឃុំកូយ៉ូវ ស្រុកកូយ៉ូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសុំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត៕