ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់សម្ថកិច្ច បានឲ្យដឹងថា ក្រោយការសាកសួរចប់ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនខ្លួន ឈ្មោះ ជួន ច័ន្ទដារី ទៅមណ្ឌលបន្សាបសារធាតុញៀន ឱកាសខ្ញុំ ដើម្បីព្យាបាល។
ពាក់ព័ន្ធករណី សម្រេចបញ្ជូនជនសង្ស័យរូបនេះទៅ មណ្ឌលឱកាសខ្ញុំ ត្រូវអ្នកកាសែត ដែលជាជនរងគ្រោះ ផ្ទះការងឿងឆ្ងល់ ហេតុអ្វី តំណាងអយ្យការមិនចាត់ការបណ្តឹងរបស់ពួកគេ?
ជាការឆ្លើយតប លោក ស្រី ម៉ាកនី ជាតំណាងអយ្យការបានប្រាប់អ្នកកាសែតថា សំណុំរឿងនេះ នគរបាលបានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដោយសន្និដ្ឋានថា ប្រើប្រាស់គ្រឿងញៀន។ ចំណែកពាក្យបណ្តឹងរបស់អ្នកកាសែត គឺនគរបាលមិនបានបញ្ជូនមកតុលាការទេ។
លោក ម៉េង វិមានរតនា អធិការខណ្ឌមានជ័យ បានប្រាប់អ្នកកាសែតថា មូលហេតុដែលនគរបាលមិនបញ្ជូនបណ្តឹងរបស់អ្នកកាសែត ទៅតុលាការព្រោះតែ អ្នកកាសែតអត់មានរងរបួស ព្រោះជនសង្ស័យគប់ ពោលគឺទាល់តែអ្នកកាសែតបែក្បាលសិនបានមានបទល្មើស។ លោកអធិការអះអាងថា នគរបាលនឹងបញ្ជូនបណ្តឹងទៅតាមក្រោយ ដោយរងចាំឆ្លងយោបល់ថ្នាក់លើសិន។
សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ ជួន ច័ន្ទដារី ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ ធ្វើសកម្មភាព យកដែក ដុំថ្ម និងស្បែរជើងដេញគប់ នគរបាលចរាចរណ៍ និងអ្នកកាសែត។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ បើករថយន្តសេរីទំនើបម៉ាក កាមេរី ហាយប្រ៊ីជ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7691 រេចង្កូតពេញផ្លូវ (ទំនងដូចជាស្រវឹង)។ ដោយសារ តែជនសង្ស័យ បើករថយន្តបញ្ច្រាសទិស និងរេចង្កូតពេញផ្លូវ រកបុកប្រជាពលរដ្ឋអ្នកធ្វើដំណើរ ទើបសមត្ថកិច្ច ឃាត់ឲ្យឈប់ ដើម្បីសាកសួរ។
ក្រោយពីចុះពីលើរថយន្ត ជនសង្ស័យ បាន ស្រែកឡាំប៉ា រួចរើសដែក ដុំថ្ម និងដោះស្បែកឈើង ដេញគប់សមត្ថកិច្ច និងអ្នកកាសែត តែម្តង៕