ព្រៃវែង៖ កាលវេលាម៉ោង ១០ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩មានករណីជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានជិះម៉ូតូ ហុងឌ្រីសង់ ចំនួន ២គ្រឿងមកធ្វើសកម្មភាពទិញដូង នៅមុខកន្លែងវីងវេលុយ ដែលមានយីហោ វណ្ណា ស្រីល័ក្ខ នៅចំណុចខាងត្បូងផ្សារ កំចាយមារ ស្ថិតនៅក្នុងភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានចម្ងាយពី ប៉ុស្តិ៍នគររដ្ឋបាល ឃុំក្រញូង ប្រវែង ២០០ម៉ែត្រប៉ុណ្ណោះ។
បើតាមសាក្សីបានបញ្ជាក់ថា ខណៈពេលម្ចាស់ផ្ទះកំពុងរវល់នៅខាងក្រោយផ្ទះ ដោយមានតែអុំស្រី ចំណាស់ម្នាក់គាត់អង្គុយចាំលក់ដូរពេលនោះ ក្រុមសង្ស័យម្នាក់ ក៏បានចុះមកទិញដូង អុំស្រីក៏បានកាប់ឱ្យ ប៉ុន្តែត្រូវបានជនសង្ស័យគាត់ថាទុកឲ្យគាត់កាប់វិញ រីឯជនសង្ស័យម្នាក់ទៀតក៏បានសួរនាំ អុំស្រីម្នាក់នោះ នាំនិយាយពីរឿងពីនេះពីនោះ ដោយឃើញឱកាសល្អ ជនសង្ស័យម្នាក់ទៀតដើរតាមរបងផ្ទះចូលទៅក្នុងកន្លែង ផ្ទះដាក់ wing ធ្វើសកម្មភាពចូលលួចលុយដែលម្ចាស់ផ្ទះ ដែលទើបតែយកមកដាក់នៅក្នុងទូឈើកាលពីព្រឹកមិញ ចំនួន ២០លានរៀល ហើយជនសង្ស័យក៏បានប្រមូលលុយទាំងអស់នោះដាក់នៅក្នុងថង់ស្បោងខ្មៅមួយ ដើរចេញមកក្រៅវិញស្រាប់តែ ពេលនោះមានយុវជនដែលជាសាច់ញាតិបងប្អូនម្ចាស់ផ្ទះ វីងវេលុយនោះ ក៏រៀបនឹងចាប់ប៉ុន្តែត្រូវបានជនសង្ស័យរត់ឡើងម៉ូតូគេចខ្លួនបាត់ទៅ ហើយយុវជនម្នាក់នោះក៏ដេញតាមស្រែកថាចោរចោរ ស្របពេលស្ត្រីចំណាស់ម្នាក់ដែលកំពុងឈរព្រោកប្រាជ្ញជាមួយនឹងជនសង្ស័យពីរនាក់ទៀត មានសភាពស្លន់ស្លោ ភ័យញាប់ដៃញាប់ជើង ក៏ស្រាប់តែជនសង្ស័យពីរនាក់នោះ មានស្ត្រីម្នាក់ផងដែរក៏បានឡើងជិះម៉ូតូបើកទៅតាមពីក្រោយ ដោយស្រែកសួរយុវជនម្នាក់នោះ ថា បងមានចោរលួចលុយមែន តែមិនបានឈប់ម៉ូតូទេក៏បើកទៅបាត់។
មួយសន្ទុះក្រោយមកទើបឃើញមានសមត្ថកិច្ចមាន ប៉ូលិសប៉េអឹម ចុះមកសួរនាំគាត់កំណត់ហេតុនិងអោយឆែកមើលកាមេរ៉ា សុវត្ថិភាព តែត្រូវបានជនសង្ស័យដកខ្សែកាមេរ៉ាបាត់ ទៀតប៉ុន្តែមុននឹងធ្វើសកម្មភាពគឺខ្សែកាមេរ៉ាហ្នឹងមិនទាន់បានដាច់របូតចេញពីម៉ាស៊ីនថតនៅឡើយទេអាចថតជាប់ជនសង្ស័យដែលកំពុងធ្វើសកម្មភាពនៅខាងមុខកន្លែងវីងវេលុយនេះហើយ រីឯសមត្ថកិច្ចកំពុង កំណត់មុខសញ្ញានិងតាមចាប់ជនសង្ស័យ នៅពេលក្រោយ៕ដោយ៖លោកសំនៀង