ភ្នំពេញ៖ មន្រ្តីទាំងអស់ ត្រូវមកដល់សាលាខណ្ឌ និងបើកទ្វាការិយាល័យ នៅម៉ោង ៨ ជាកំហិត មិនអាចយកលេសថា ផ្ទះនៅឆ្ងាយ ឬ ស្ទះចរាចរណ៍នោះទេព្រោះនេះជាក្រិតក្រមនៃការងាររដ្ឋបាល ដូច្នេះសូមអស់លោក លោកស្រី ត្រូវគោរពឱ្យបាន។
នេះជាការលើកឡើងរបស់ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក្នុងឱកាសប្រកាសតែងតាំង និងប្រគល់ភារៈកិច្ចជូនមន្រ្តីរាជការសាលាខណ្ឌកំបូល ចំនួន ២២នាក់ នាព្រឹកថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៩ នៅសាលាខណ្ឌកំបូល ។
លោកអភិបាលខណ្ឌ បានលើកឡើងថា ដោយសាខណ្ឌកំបូលជាខណ្ឌដែលទើបបង្កើតថ្មី ដូចនេះអ្វីៗក៍ថ្មីទាំងអស់ តែមន្រ្តីយើងមួយចំនួន មិនមែនជាមន្រ្តីថ្មីទេ គឺសុទ្ធតែធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការងារ ដូចនេះ យើងមិនសូវពិបាកក្នុងការបំពេញការងារនោះទេ ។
ចំពោះមុខនេះ មានការិយាល័យជំនាញ៤ ដែលត្រូវពង្រឹងការងារឱ្យបាលខ្លាំងជាមួយគណៈអភិបាលខណ្ឌ នោះគឺការិយាល័យសាធារណៈការ ព្រោះយើងត្រូវការ ធ្វើផ្លូ លូ ប្រឡាយ ជាច្រើនក្នុងមូលដ្ឋាន ដែលចាំបាច់ត្រូវការមន្រ្តីជំនាញ ប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវ ការិយាល័យសុខាភិបាល ត្រូវធ្វើការឱ្យសកម្ម លើកការងារសុខុមាលភាពប្រជាពលរដ្ឋ ពិសេសសព្វថ្ងៃកំពុងប្រឈមនឹងបញ្ហាជម្ងឺគ្រុនឈាម ត្រូវចាត់វិធានការបែបណាដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ការិយាល័យបរិស្ថាន ត្រូវចុះពិនិត្យ តាមដាន និងគ្រប់គ្រងឱ្យបាននូវ បញ្ហាសំណល់ រឹងរាវ តាមរោងចក្រ និងតំបន់រស់នៅរបស់ប្រជាពលរដ្ឋមួយចំនួនទៀត ដែលមានទឹកលិច ព្រោះវាប្រឈមបញ្ហាបរិស្ថានផង និងប៉ះពាល់សុខភាពប្រជាពលរដ្ឋផងដែរ។
ដោយឡែក ការិយាល័យ សុរិយោដី ក៍មានសារៈសំខាន់ដូចគ្នាដែរ ព្រោះនៅសំបន់យើងនេះ កំពុងមានការអភិវឌ្ឍន៍ខ្លាំង លើការងារសំណង់ និងបញ្ហាកំណត់ព្រំដី ការចុះបញ្ជីដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធ និងក៍មានរឿងច្រើនដែរ ។
ការិយាល័យផ្សេងៗទៀត ក៍ត្រូវពង្រឹងដូចគ្នា ហើយត្រូវអនុវត្តតាមជំនាញរៀងៗខ្លួន មិនត្រូវអាងថា ផ្ទះឆ្ងាយ ការងារមិនសូវសំខាន់ មួយសប្តាហ៍មកម្តង បើអវត្តមានញឹកញាប់ពេក ខណ្ឌនឹងធ្វើរបាយការណ៍ជូនទៅសាលារាជធានីភ្នំពេញ សូមដកចេញតែម្តង ព្រោះយើងមិនត្រូវការ មានតែឈ្មោះ តែគ្មានមនុស្សធ្វើការនោះទេ៕