ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ប្រាប់អ្នកសារព័ត៌មានថា ដោយ អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌកំបូល បែកចែកជា២ក្រុម ដោយក្រុមទី១ ដឹកនាំផ្ទាល់ដោយរូបលោក និង លោក សេង គន្ធ ជាអភិបាលរងខណ្ឌ និងមន្ត្រីជំនាញ ក្រុមទី២ ដឹកនាំដោយ លោក ហោ វាសនា អភិបាលរង និង អភិបាលរងម្នាក់ទៀត រួមទាំង និងមន្ត្រីជំនាញ បានចុះទៅជូនដំណឹង និងបាញ់ថ្នាំលើទីតាំងដែលបានសង់រំលោភលើចិញ្ចើមផ្លូវ ហើយ ត្រូវរុះរើចេញដោយខ្លួនឯង ក្នុងរយៈពេល១០ថ្ងៃ។
លោក ឃឹម ស៊ុនសូដា បញ្ជាក់ថា ក្រោយផុតឳនុវាទសេចក្តីជូនដំណឹង ក្រុមការងារសាលាខណ្ឌនិងបន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវជាតិលេខ៤ទាំងសងខាងផ្លូវ ចាប់ពីចំណុចព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល រហូតព្រំប្រទល់សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អភិបាលខណ្ឌ រូបនេះ សង្កត់ធ្ងន់ថា ដើម្បីរក្សាបាននូវ សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ជាពិសេស ជួយកាត់បន្ថយការកកស្ទះចរាចរ បានមួយកំរិតទៀត។
ជាមួយគ្នានេះ លោកអភិបាល ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ និង អាជីករទាំងអស់ សូមជួយថែរក្សា អនាម័យ បរិស្ថាន នៅតាមកន្លែងលក់នីមួយៗ (កន្លែងលក់ផ្ទាល់ខ្លួន) ជាប្រចាំ បើមិនដូច្នេះទេ មិនអនុញ្ញាអោយលក់ដូរបន្តទៀតទេ។
ម្យ៉ាងវិញទៀត ចំពោះតូបលក់ដូរតូចធំ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដែលសង់ ឬដាក់ រំលោភសងខាងប្រឡាយ ផ្លូវលេខជាតិ៤ ត្រូវធ្វើរុះរើចេញអោយអស់ តាមការកំណត់របស់អាជ្ញាធរខណ្ឌ បើមិនអនុវត្តន៍តាមសេចក្តីជូនដំណឹងទេ អាជ្ញាធរ នឹងមានវិធានការរុះរើ និងដកហូតយកសម្ភារៈដែលមាននៅទីតាំងនោះ ដោយពុំទទួល ខុសត្រូវលើការខូចខាត និង ការបាត់បង់ទ្រព្យសម្បត្តិ ឬសម្ភារៈផ្សេងៗឡើយ។
សូមអានសេចក្តីជូនដំណឹងទាំងស្រុងខាងក្រោម៖