ភ្នំពេញ៖ លោក ឃឹម ស៊ុន សូដា អភិបាលខណ្ឌកំបូល ហួសចិត្តក្រោយចប់កិច្ចប្រជុំជាមួយ លោកអធិការខណ្ឌ និង កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌគ្រោងចុះបង្ក្រាបទីតាំងសង្វៀនជល់មានធំមួយកន្លែង នៅសង្កាត់បឹងធំ នារសៀលថ្ងៃដដែលនោះ មានបុរសម្នាក់សុំចូលជួបលោកដល់បន្ទប់ ដោយប្រាប់ថា ពិភាក្សារឿងការងារ ក្រោយសួរនាំ បុរសខាងលើ បានហុចស្រោមសំបុត្រ (លុយ) ចង់បន្តបើកអោយដំណើរនូវទីតាំងល្បែងស៊ីសង (ជល់មាន់) នៅសង្កាត់បឹងធំ តែត្រូវរូបលោក បដិសេធ និងអោយយកលុយព្រមផ្លែឈើត្រឡប់ទៅវិញ ដោយដាក់កំហិត អោយរុះរើសង្វៀនជល់មានខាងលើជាបន្ទាន់។
លោកអភិបាលថ្លែងបែបនេះ នារសៀលថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងវេទិកាសាធារណៈ នៅវិទ្យាល័យ បឹងធំ សង្កាត់បឹងធំ ខណ្ឌកំបូល ក្រោមប្រធានបទ «ភូមិ-សង្កាត់ មានសុវត្ថិភាព ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបរិស្ថាន-អនាម័យ» ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល លោកវរសេនីយ៍ទោ ហង្ស មុនី អធិការខណ្ឌកំបូល និងមានការចូលរួមពី លោក-លោកស្រីអភិបាលរង សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយក ប្រធានការិយាល័យចំណុះ និងជំនាញខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ឃឹម ស៊ុន សូដា បន្តថា ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព តាមរយៈការផ្តល់ព័ត៌មានដល់កម្លាំងមានសមត្ថកិច្ច ដើម្បីឈានដល់ការបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ ដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន។
លោកអភិបាល បានណែនាំឲ្យអាជ្ញាធរភូមិ-សង្កាត់ ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារកិច្ច ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា។
ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយកនូវសំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សា ដោះស្រាយទៅតាម លទ្ធភាពដែលអាចធ្វើបាន។
លោកអភិបាលខណ្ឌ ស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ លុបបំបាត់មិនឲ្យមានការចែកចាយ ប្រើប្រាស់ ជួយដូរ និងផលិតថ្នាំញៀន ការគោរពច្បាប់ចរាចរទាំងអស់គ្នា។
បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតី ត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីស្រាវជ្រាវស៊ើបអង្កេតទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ព័ត៌មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ច និងរក្សាការសម្ងាត់ជូនបងប្អូន។
ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែក របស់អាជ្ញាធរ និងសមត្ថកិច្ចទេ គឺជាការងាររួម។
ជុំវិញ សំណើរ និងសំណូមពរដែល ពលរដ្ឋលើកឡើង ពាក់ព័ន្ធ និង អគ្គិសនី EDC បញ្ហាប្រព័ន្ធទឹកស្អាត និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ ថ្នល់ ប្រព័ន្ធលូ) ក្នុងមូលដ្ឋាន លោក ឃឹម ស៊ុនសូដា បានទទួល មកដោះស្រាយជាក់ស្តែង គឺរាល់ផ្លូវ តូចធំទាំងឡាយដែលរងការខូចខាត ផ្លូវជង្ហុកសំបុកមាន់ ផ្លូវរងការជន់លិច ដោយជំនន់ទឹកភ្លៀង នារដូវវស្សា អាជ្ញាធរនឹងចុះទៅពិនិត្យ និងជួយជួសជុល ឈូសឆាយ ចាក់កំទេចថ្ម ជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋមួយគ្រាសិន។ ដោយឡែក សំណើរ និង សំណូមពរណា ដែលហួសពីសមត្ថភាព និងដែនសមត្ថកិច្ច រដ្ឋបាលខណ្ឌនិងធ្វើលិខិតសុំកិច្ចអន្តរាគមន៍ពីស្ថានបន មន្ទីរជំនាញពាក់ពាក់ព័ន្ធ ធ្វើការសម្រេច។
មួយវិញទៀត គណៈបញ្ជាការឯកភាពខណ្ឌ និងអធិការខណ្ឌ នឹងបើកយុទ្ធនាការ ប្តូរសៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ តាមភូមិទៅតាមពេលវេលាជាក់ស្តែង ហើយក៏បន្តសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហា សំរាម បរិស្ថាន អនាម័យ ចរាចរ គ្រឿងញៀន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យភូមិសង្កាត់មានសុវត្ថិភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។