ភ្នំពេញ ៖លោក កង វង ចៅសង្កាត់ចោមចៅទី១បានដឹកនាំកម្លាំងដាក់គ្រឿងចក្រចុះកាយជំលៀសទឹកជន់លិចផ្លូវមួយខ្សែនៅក្នុងមូលដ្ឋានដោយសាររដូវភ្លៀងធ្លាក់មកដល់ បានធ្វើឲ្យផ្លូវមួយចំនួន នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ បានទទួលរងការជន់លិច ដែលធ្វើឲ្យប៉ះដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ បើទោះបីជារឿយៗអាជ្ញាធរសង្កាត់ចោមចៅទី១ ដាក់គ្រឿងចក្រចុះកាយក៏ដោយ។
ដោយមើលឃើញពីផលលំបាកខាងលើនេះហើយផ្លូវជាសសៃឈាមនៃសេដ្ឋកិច្ច នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានដឹកនាំមន្រ្តី ដាក់គ្រឿងចក្រ ចុះកាយទឹកដែលជន់លិច ផ្លូវបេតុងជាប់សួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវបេតុងខាងលើនេះឲ្យតែមានភ្លៀងធ្លាក់គឺ តែងតែជន់លិច ហើយបន្ទាប់ពីអាជ្ញាធរដាក់គ្រឿងចក្រចុះកាយរួច សង្កេតឃើញថាមានភាពល្អប្រសើរ និងកាន់តែងាយស្រួលដល់ពួកគាត់ ក្នុងការធ្វើដំណើរ ទៅកាន់តំបន់ផ្សេងៗ ផងដែរ។
លោកសង្កាត់ចោមចៅទី១ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ទាំងអស់ មេត្តាជួយរក្សាបរិស្ថាន និងសូមកុំបោះចោលសំរាម លើផ្លូវ ឬចូលក្នុងមាត់លូ ដែលធ្វើឲ្យស្ទះចរន្តទឹកហូរ បង្កជាទឹកជំនន់នៅពេលមានភ្លៀងធ្លាក់៕