កំពង់ធំ៖ ស្រុកតាំងគោគ គឺជាស្រុកថ្មី ដែលបានបំបែកចេញពីស្រុកបារាយណ៍ និងត្រូវបានប្រកាស់ រចនាសម្ព័ន្ធបញ្ជាការដ្ឋានផ្នែកសឹករងស្រុកតាំងគោក ឲ្យដំណើរការដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមអនុក្រឹត្យលេខ០៥ អនក្រ/បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដោយបានអនុវត្តតាមការណែនាំ និងសេចក្ដីសម្រេចតែងតាំងមុខងារជូនយោធិន នៃរចនាសម្ព័ន្ធចាត់តាំងផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ របស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។
ពីធីប្រកាសនេះ បានធ្វើប្រារព្វឡើង នៅព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំស្រយោង ស្រុកតាំងគោកខេត្តកំពង់ធំ ដោយមានលោក សៀ ឡុងធារ៉ាអភិបាលរងស្រុកតាំងគោក មន្រ្តីរាជការ ប្រជាពលរដ្ឋ ចូលរួមជាច្រើនរយនាក់ និងត្រូវបានប្រកាសសេចក្ដីសម្រេចតែងតាំងមុខងារជូនយោធិន តាមតួរនាទីភារកិច្ចរបស់នីមួយៗ ដោយលោកវរសេវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី ១។
លោកវរសនីយ៍ត្រី សេង សូត្រ មេបញ្ជាការផ្នែកសឹករងស្រុកតាំងគោកថ្មី ដែលទើបបានប្រកាសតែងតាំង បានឡើងប្រាជ្ញាចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីសម្រេចចិត្ត និងមុខងារថ្មី ខិតខំបំរើជាតិសាសនា ព្រះមហាក្សត្រ និងការពារាជរដ្ឋាភិបាល ដែលប្រសូតចេញពីការបោះឆ្នោត និងពង្រឹងការសាមគ្គីភាពផ្ទៃក្នុង គោរពនូវបទបញ្ជាថ្នាក់លើប្រគល់ជូន និងខិតខំដឹកនាំមន្រ្តីក្រោមឳវាទ ឲ្យក្លាយជាកងកម្លាំងប្រកបដោយគុណភាព គោរពនូវច្បាប់ព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោមស៊ុន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានចូលរួមពិធីដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការបង្កើតស្រុកតាំងគោគថ្មីគឺជាស្រុកទី៩ របស់ខេត្តកំពង់ធំ ដោយកាលពីមុនខេត្តកំពង់ធំ មានតែ៦ស្រុក.ក្រុងតែណ្ណោះគឺ១.ស្រុកបារាយណ៍
២.ស្រុកសន្ទុក ៣.ស្រុកកំពង់ស្វាយ ៤.ស្រុកស្ទោង ៥.ស្រុកសណ្ដាន់ និង ទី៦.ទីរួមខេត្តកំពង់ធំ ។
ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យខេត្តកំពង់ធំ មានការរីកចម្រើន និងត្រូវបាន បង្កើតស្រុកថ្មីចំនួន៣បន្ថែមទៀត ដើម្បីឲ្យមានភាព ងាយស្រួកក្នុងការគ្រប់គ្រងផ្នែករដ្ឋបាល ក្នុងនោះមាន១.ស្រុកប្រាសាទសំបូរ ២.ស្រុកប្រាសាទបាល្ល័ង្ក ទី ៣ គឺស្រុកតាំងគោក គឺជាស្រុកថ្មីដែលទើបតែបង្កើត ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ និងការកើនឡើងចំនួនប្រជាជនយើង។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់នាយទាហានជាយោធិនទាំងអស់ ១.ត្រូវគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់នូវសេចក្ដីសម្រេចរបស់ថ្នាក់លើ ដែល ប្រគល់ ជួន ។
២.គោរពប្រតិបត្តិតាមការដឹកនាំ ណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្នុងភារកិច្ចជាកងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងចំណុះផ្ទាល់របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
៣.បំពេញតួនាទីភារកិច្ចស្របតាមច្បាប់ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរៈភូមិន្ទ ។
៤.បម្រើប្រជាពលរដ្ឋ និងអតីតយុទ្ធជននៅគ្រប់ទីកន្លែងក្នុងស្រុកដោយមិនរើសអើង ដោយស្មោះត្រង់ ត្រូវចាត់ទុកថាកងទ័ពជាកូនចៅរបស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ ។
៥.សាមគ្គីសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ ។
៦.ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានរបៀបរបបធ្វើការងារច្បាស់លាស់ ៕
ដោយ៖ ប៊ុន រដ្ឋា