ខេត្តកំពង់ចាម៖ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខ្នាតធំនៅភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននិងកំពុងបើកលែងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានមិនបង្ក្រាប ដោយម្ចាស់ទីតាំងត្រូវបានគេស្គាល់ថា ឈ្មោះ នឿ និង អ្នកបាញ់មេអាប៉ោងមានឈ្មោះ គា ។
ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងខាងលើនេះបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ម្ចាស់ទីតាំងបានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឱ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ម្យ៉ាងវិញទៀតអ្នកលេងជល់មាន់ ភ្នាល់ចាក់លុយ ក្នុង១គូៗ រាប់ លានរៀល ទៅដល់ រាប់ ពាន់ដុល្លារឯណ្ណោះ ចំណែកអាប៉ោងក៍ចាក់លុយធំៗផងដែរ ចំពោះអ្នកចេញចូលលេងល្បែងស៊ីសងខាងលើនេះមិនបាច់ព្រួយបារម្ភនោះទេ ។
ពលរដ្ឋមានការសង្ស័យថា ទំនងជាម្ចាស់ទីតាំងល្បែងមួយនេះ ត្រូវរ៉ូវគ្នាអស់ហើយទេដឹងបានជា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនបង្រ្កាបទីតាំងល្បែងសុីសងមួយនេះ។
ពលរដ្ឋបានលើកឡើងថា អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម .ល.កើតចេញពីល្បែងស៊ីសងនេះឯង។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីល្បែងសុីសងដែលមានទីតាំងខាងលើនេះអង្គភាពសារព័ត៌មានយើងព្យាយាមរាយការណ៍ផ្តល់ព័ត៌មាននិងសុំការបំភ្លឺពីលោកវរសេនីយ៍ទោ ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ដែរតែតែទូរសព្ទបណ្ដើរទំនាក់ទំនងបាន។
ពលរដ្ឋសុំសំណូមពរ ដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាលខេត្តកំពង់ចាម សូមមានវិធានការចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះធ្វើការបង្ក្រាបផងដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
អង្គភាពសារព័ត៌មានយើងរង់ចាំផ្សាយជាបន្តបន្ទាប់ឬបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ ឬក៍ សមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឲ្យអស់មន្ទិលការសង្ស័យ រៀងរាល់ម៉ោងធ្វើការ៕






