ខេត្តកំពង់ធំ ៖ នៅថ្ងៃអង្គារ ៤ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន ០១ ករណី ស្ថិតក្នុងភូមិសាស្ត្រក្រុង ស្ទឹងសែនខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យការិយាល័យនគរបាល
ព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុចផ្ទះ ឈ្មោះ
ឆឹង សឿន ភេទ ស្រី ក្នុងភូមិ ស្រយ៉ូវជើង សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ១៥ នាក់(ស្រី) និងដកហូតវត្ថុតាងរួមមាន៖ បៀចំនួន០២ ហ៊ូ,គ្រាប់ខ្លាឃ្លោកចំនួន ៤៥ គ្រាប់,គម្របចំនួន ០៣
ចានថ្មចំនួន ០៦,កម្រាលចំនួន ០១,ហានតោចំនួន ០១ សន្លឹក,ប្រាក់រៀលចំនួន ៤៧៥០០ រៀល ។
ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថា ករណីខាងលើនេះសមត្ថកិច្ច នាំយកមនុស្ស និងវត្ថុតាង បញ្ចូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន
ដើម្បីសាកសួរ បានសុំគោលការណ៍ ថ្នាក់ដឹកនាំធ្វើកិច្ចសន្យា អប់រំ ណែនាំបញ្ឈប់ការលេងល្បែងស៊ីសង ហើយឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញ ។
ខណៈនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានឃុំ–សង្កាត់ សូមចូលរួមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសជៀសឲ្យឆ្ងាយពីការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់។
ថវិកាទ្រព្យសម្បត្តិ កិត្តិយស ពេលវេលា បង្កអាចឲ្យមាន អំពើហិង្សា ក្នុងគ្រួសារ និងឈានទៅប្រព្រឹត្តអំពើ អបាយមុខផ្សេងៗផងដែរ ៕






