ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ១២រោច ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំមួយស្តីពី សេចក្ដីជូនដំណឹង លេខ ០៦៥/២០ សជណ.ច្រ ស្តីពីការអនុញ្ញាតឲ្យម្ចាស់អាជីកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ(KTV) ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ។
ដែលមានសមាសភាពចូលរួម
– លោក នូ ទូច អធិការរង នគរបាលខណ្ឌមានជ័យ
– តំណាង មេបញ្ជាការមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ
– លោកស្រី ហួត ឃីម នាយិការងរដ្ឋបាលខណ្ឌមានជ័យ
– លោក សន ណារ៉ាត់ ប្រធានការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
– លោក បែន ថានិត អនុប្រធានការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ ខណ្ឌមានជ័យ
– លោក ចៅសង្កាត់ទាំង៧
– លោក-លោកស្រី ម្ចាស់អាជីកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ។
នាឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានជម្រាបជូនដំណឹងដល់ម្ចាស់អាជីកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ទាំងអស់ នៅក្នុងខណ្ឌមានជ័យ ឲ្យបានជ្រាបថា ដើម្ដើម្បីចូលរួមសកម្មភាព សេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ រដ្ឋបាលខណ្ឌមានជ័យ បានអនុញ្ញាតឲ្យម្ចាស់អាជីកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ទាំងអស់ នៅក្នុងខណ្ឌមានជ័យ បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែម្ចាស់អាជីកម្មត្រូវ ៖
១. ស្នើសុំលិខិតអនុញ្ញាតអាជីកម្ម តាមយន្តការច្រកចេញ-ចូល តែមួយ
២. គោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។
បន្ទប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានក្រើនរំលឹកដល់ម្ចាស់អាជីកម្មទាំងអស់ ចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលជម្ងឺ កូវីដ-១៩(Covid-19) ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតត្រូវអនុវត្តដូចខាងក្រោម ៖
១. ម្ចាស់អាជីកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ (Covid-19) ។
២. ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារ ចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន ។
៣. ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
៤. ក្រើនរំលឹកឲ្យភ្ញៀវលាងដៃ ពាក់ម៉ាស់ និងគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ ម៉ែត្រប្រជុំ ផ្សព្វផ្សាយវិធានការសុវត្ថិភាពទេសចរណ៍សម្រាប់អាជីកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ។
៥. មានបិទឯកសារផ្សព្វផ្សាយនៅមុខច្រកចូលអាជីកម្ម និងបញ្ជីមុខម្ហូប ។
៦. មានបុគ្គលិកប្រចាំការសម្រាប់វាស់កំដៅ នៅពេលភ្ញៀវចូលក្នុង ភោជនីយដ្ឋាន ។
៧. ផ្សព្វផ្សាយពីរបៀបលាងដៃ និងពាក់ម៉ាស់អោយបានត្រឹមត្រូវ ។
៨. ផ្សព្វផ្សាយពីរបៀបសម្គាល់លក្ខណៈរោគសញ្ញាដែលត្រូវត្រួតពិនិត្យ ។
៩. លាងសំអាតតុ កៅអី និងរបស់ផ្សេងៗទៀតដែលភ្ញៀវបានប្រើប្រាស់រួច ។
១០. ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបិទអាជីកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះ ជាបណ្តោះអាសន្ន ៕







