ភ្នំពេញ៖ មេការសំណង់ផ្នែកជាងឈើ ម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យ ចំណែកកូនជាងជាជនដៃដល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលួសឃាត់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ២០និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រោមផ្ទះឈើផ្លវបេតុង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងឈឺ ស្នាក់នៅភូមិព្រែក ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ សោម ចិន្ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាមេការផ្នែក ជាងឈើបុរីរតនះ ស្នាក់នៅក្នុងបុរីរតនះ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញមានស្រុកកំណើត ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។(ស្លាកស្នាមបែកផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ) ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូ១គ្រឿងទៅដឹកជនរង គ្រោះពីផ្ទះជួលទៅកាន់ចំណុចកើតហេតុខាងលើហើយបានអង្គុយផឹកស្រាថ្នាំដែលមានគ្នាសរុបចំនួន០៤នាក់(ដែលជាកម្មករសំណង់ធ្វើការជាមួយគ្នា)។ លុះពេលស្រវឹងធ្លាក់ភ្នែកស្រាប់តែនិយាយទាក់ពាក្យសម្ដីគ្នាយ៉ាងខ្លាំងពីរឿងជនរងគ្រោះបើកលុយនៅខ្វះជនសង្ស័ចំនួន១លានកន្លេះលុយខ្មែរហូតក្លាយទៅជាទំនាស់កើតឡើង ហើយជនសង្ស័យទាញបានដំបងឈើជ្រុងជើងគ្រែវាយក្បាលជនរងគ្រោះចំនួន០៣ដំបងបណ្ដាលជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យសួគ៌ា ហើយក៏ស្លាប់នៅទីនោះតែម្ដង។
បន្ទាប់មកនគរបាលប៉ុស្តិ៍រលួសរាយការណ៍ ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ដនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកុសល់វិច័យលើសាកសពជាលទ្ធផលគឺជនរងគ្រោះស្លាប់បណ្ដាលមកពីជនសង្ស័យវាយក្បាលនិងឈើជ្រុងប្រាកដមែន បន្ទាប់មកបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងដឹកតាមរថយន្តពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
ចំណែកជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាកាធ្វើការផ្តន្ទាទោសតាមនិតិវិធីច្បាប់ ៕