ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០នេះ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ៤០ គ្រួសារ ។
ក្នុងការចុះសួរសុខទុក្ខនេះដែរក៍មានការអញ្ជើញចូលរួមពី ៖ លោកជំទាវ ម៉ក់ វណ្ណស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ចាក់អង្រែលើ, ឯកឧត្ដម យី កុយ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ចាក់អង្រែលើ, លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ, លោក មេភូមិ ព្រែកតាគង់១, លោក លោកស្រី សម្បុរសជន និងយុវជនកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
បន្ទាប់មក លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ ត្រូវបរិភោគអាហារឲ្យបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺ អាសន្នរោគផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។ ម្យ៉ាងវិញទៀត លោក ពេជ្រ កែវ មុនី ប្រធានកិត្តយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តទៀតថា សូមអោយបងប្អូនប្រជាពលរដ្ឋទាំង ៤០គ្រួសារ កុំអោយមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ដង្ហើមចេញចូល និង គ្រប់ពេលវេលា មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ ឬក៌គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
អំណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ មាន ៖ អង្ករ ១០គីឡូក្រាម , ទឹកសុទ្ធ ១យួរ , ទឹកស៊ីអ៉ីវ ១ដប , ទឹកត្រី ១ដប , មី ១០ កញ្ចប់ , ត្រីខ ៣កំប៉ុង , រួមទាំងថវិកា ២០,០០០ រៀល ៕