ខេត្ដតាកែវ ៖ ពលរដ្ឋថា អាជ្ញាធរនឹងសមត្ថកិច្ចស្រុកបាទីមិនហ៊ានបង្ក្រាបសង្វៀនជល់មាន់ ដែលស្ថិតនៅក្នុង ភូមិតាំងឫស្សី ឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវដែលគេស្គាល់ថា ម្ចាស់សង្វៀនមានឈ្មោះហេង សាវ៉ាត (ហៅហុង)ជាម្ចាស់សង្វៀនដ៍ល្បីល្បាញប្រចាំស្រុកបាទី ដែលនៅទីតាំងនោះមានអ្នកញៀនល្បែងសុីសងប្រមូលផ្ដុំគ្នាជាច្រើននាក់ចូលទៅលេងជារៀងរាល់ថ្ងៃ ។ នេះបើយោងតាមប្រភពច្បាស់ការ ពីអ្នកចេញចូលលេងល្បែង និងប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើ។
ហើយអ្វីដែលសំខាន់ទៀតនោះកន្លងមកគេសង្កេតឃើញថា ចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។
ពាក់ព័ន្ធនឹងករណីនេះដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេស លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងមាន់ជល់នេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានធ្វើការណែនាំ ឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីរបស់ខ្លួន ។ កន្លងមកមានទីតាំងមួយចំនួនដែលបង្កប់ល្បែងស៊ីសង ក្នុងមូលដ្ឋានស្រុកបាទី គេសង្កេតឃើញអាជ្ញាធរពាក់ព័ន្ធតែងតែចុះបង្ក្រាប ប៉ុន្តែផ្ទុយទៅវិញទីតាំងឃុំពត់សរ ស្រុកបាទី បើកលួចលាក់ល្បែងស៊ីសងខុសច្បាប់សង្វៀនមាន់ជល់។ ជាក់ស្ដែងភូមិតាំងឫស្សី ឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវ បានបេីកល្បែងជល់មាន់ មិនទាន់ឃើញមានការបង្ក្រាបនោះទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានBPN Newsយើងមិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានទេដោយទួរសព្ទ័មិនអាចទំនាក់ទំនងបាន៕







