ខេត្ដរតនគីរី៖ ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅ ភូមិភ្នំធំ ឃុំយក្សឡោម ក្រុងបានលុងនៅចំណុចភ្នំយោល
នឹងនៅភូមិបឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី កំពុងបើកលេងយ៉ាងរំភើយ ដោយគ្មានការរំខាន និងខ្លាចរអាចំពោះអាជ្ញធរ ឬ សមត្ថកិច្ចពាក់ព័ន្ធ ណាម្នាក់ឡើយ ដែលគេស្គាល់ម្ចាស់ជាភាគហ៊ុន ឈ្មោះ ពិន តង បើកលេងអស់រយៈពេលរាប់ខែមកហើយ មានឈ្មោះល្បីល្បាញពេញខេត្ដរតនគីរី ដែលមានមានអំណាចមកពីឋានព្រះឥន្ធខ្លាំងជាងអាជ្ញាធរនឹងសមត្ថកិច្ចខេត្ដរតនគីរីអាជ្ញាធរនឹងសមត្ថកិច្ចមិនហ៊ានប៉ះ។
ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាលខិតខំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់នៃការរីរាលដាលជម្ងឺកូវីដ.១៩ មិនឲ្យប្រមូលផ្ដុំគ្នាតែបែជាអាជ្ញាធរនឹងសមត្ថកិច្ចក្រុងបានលុង ខេត្ដរតនគីរី បេីកដៃឲ្យលោកពិន តង បេីកល្បែងសុីសង ដោយប្រមូលផ្ដុំគ្នាយ៉ាងច្រេីនកុះករទៅវិញដោយមិនខ្លាចអ្វីទាំងអស់។
បើតាមសម្តីក្រុមអ្នកញៀនល្បែង បានប្រាប់ឲ្យដឹងថា ទីតាំងបើកលេងល្បែងស៊ីសងខាងលើនេះ ដុះស្លែរទៅហេីយ រហូតបច្ចុប្បន្ននេះ គឺនៅដំណើរការជាធម្មតា ហើយក៏មានក្រុមអ្នកញៀនល្បែង ចូលទៅលេងជាច្រើនកុះករ និងមានការចាក់ភ្នាល់ជាលុយ ក្នុងមួយក្តាៗរាប់ពាន់រាប់លានរៀលឯណ្ណោះ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ បានលួចបង្ហើបឲ្យដឹងថា ក្រុមអ្នកញៀនល្បែងតែងតែចេញចូលទៅលេង ថែមទាំងហោរកញ្ច្រៀវ បង្កសម្លេងលឺខ្លាំង ៗផ្អេីលសត្វព្រៃ។ នេះបញ្ជាក់ឲ្យឃើញថា បង្កឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋាន តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណា ហ៊ានចុះបង្ក្រាបឡើយ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាត្រូវថ្នាំសណ្ដំ របស់ម្ចាស់បនល្បែងនោះហើយមើលទៅ ទើបមិនហ៊ានបង្ក្រាប។
ពលរដ្ឋក្នុងមូលដ្ឋាន កំពុងព្រួយបារម្មណ៍ ចំពោះទ្រព្យសម្បត្តិ សុខសុវត្ថិភាព របស់ពួកគាត់។ ជាមួយគ្នានោះ ពលរដ្ឋបានស្នើរសុំដល់លោកអភិបាលក្រុងបានលុង លោកអធិការ ជាពិសេស ឯកឧត្ដមអភិបាលខេត្ដ លោក ស្នងការនគរបាលខេត្តរតនគីរី មេត្តាជួយចុះទៅពិនិត្យ ឬចាត់វិធានការទៅលើទីតាំងល្បែងស៊ីសងសង្វៀនមាន់ជល់ មួយនេះផង ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បីសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិផងដែរ។
យោងតាមច្បាប់ល្បែងសុីសង ជនណាដែលលេងល្បែងសុីសងនឹងកាងល្បែងសុីសង ត្រូវផ្ដន្ទាទោសដាក់គុកពី១សប្តាហ៍ទៅមួយខែនិងពិនយ័ប្រាក់ពី១មុឺនរៀលទៅ១០មុឺនរៀល នឹង ផ្ដន្ទាទោសដាក់គុកពី១ឆ្នាំទៅ៥ឆ្នាំនិងពិនយ័ប្រាក់ពី៥លានរៀលទៅ២០លានរៀល។
កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព ៩ ចំណុចជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងករណីទីតាំងល្បែងសុីសងខាងលើនេះដែរអង្គភាពសារព័ត៌មាន BPN News មិនអាចសុំការបំភ្លឺពី លោកអធិការក្រុងបានលុងបានទេ ដោយទូរសព្ទ័របស់លោកមិនអាចទំនាក់ទំនងបាន។
ទោះជាយ៉ាងណា យើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ ២៤ម៉ោង លើ២៤ម៉ោងតែម្តង៕






