ខេត្ដបន្ទាយមានជ័យ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ។
ដោយជនសង្ស័យមានឈ្មោះ៖១-ឈ្មោះ ទ យ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ហ ម៉ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
៣-ឈ្មោះ ស ដលស ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់នាថ្ងៃទី១៦ខែធ្នូថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននិងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេសនិងធ្វើនៅ២ទីតាំង ។
ទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
វត្ថុតាងចាប់យកមាន៖ ចំនួន២(ពីរ)វ៉ាលី សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនច្បាស់លាស់។
ទីតាំងទី២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
សម្ភារៈវត្ថុតាងចាប់យកមាន៖ ចំនួន១កេសដែក សង្ស័យសារធាតុញៀន មិនទាន់រាប់ចំនួនជាក់លាក់។
សមត្ថកិច្ចបាននឹងបន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណជាក់លាក់បាននៅឡើយ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ យើងបានបញ្ជូនបន្តទៅមន្ទីប្រឆាំងគ្រឿងញៀន និងអនុវត្តនីតិវិធីនៃច្បាប់ ៕






