ខេត្តតបាត់ដំបង ៖ ព្រោះតែក្ដៅក្រហាយនឹងគូសត្រូវតាមស្រលាញ់សង្សារខ្លួន យុវជនម្នាក់បានកេណ្ឌបក្សពួក៣នាក់ តាមកាប់គូសត្រូវនោះគ្មានត្រាប្រណី សូម្បីតែម៉ូតូក៏កាប់ចិញ្ច្រាំខ្ទេចខ្ទីដែរ ។
តែទីបំផុត ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ រីឯ២នាក់ទៀតបានរត់ចោលស្រុក កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ធ្នូ នៅភូមិស្ដីលើ ឃុំព្រែកហ្លូង ស្រុកឯកភ្នំ។
លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បាននិយាយថា អំពើហិង្សាដ៏ឃោរឃៅ ដែលផ្ដើមចេញពី «គំនុំស្នេហា» នេះ បានកើតហេតុឡើងកាលពីល្ងាចថ្ងៃទី២៦ ធ្នូ ដែលប៉ះប្រយុទ្ធគ្នានៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
លោកថា ក្រោយទទូលបណ្ដឹងជនរងគ្រោះឈ្មោះ សុខ រ៉ានីឆា អាយុ១៥ឆ្នាំ នៅភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង លោកស្នងការខេត្ត បានបញ្ជាភ្លាមៗ ឲ្យលោកដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាក្រុមជនដៃដល់បាន និងឃាត់ខ្លួនបានម្នាក់ឈ្មោះ សល់ សាន់ ហៅ តឿ អាយុ១៨ឆ្នាំ នៅភូមិស្ដីលើ ឃុំព្រែកហ្លូង ស្រុកឯកភ្នំ រីឯបក្សពួក២នាក់ទៀត ឈ្មោះ ភឿន និង ឈ្មោះ ថៃ បានរត់គេចខ្លួន។ ក្រុមនេះបានប្រើកាំបិតកាប់ជនរងគ្រោះ កាប់កំទេចម៉ូតូ ហើយយកដុំថ្មគប់ទៀត។
លោកឈឿង គឹមសុង បានបញ្ជាក់ថា បើតាមចម្លើយរបស់ភាគីទាំង២ គឺអំពើហឹង្សានេះ បានកើតឡើងដោយសារតែរឿងដណ្ដើមស្រីគ្នា។ ជាមួយនឹងការឃាត់ខ្លួននេះ ជនដៃដល់ឈ្មោះ សល់ សន់ ហៅ តឿ បានសារភាពនៅពេលមន្ត្រីជំនាញសួរនាំថា ពួកខ្លួនទាំង០៣នាក់ ពិតជាបានតាមវាយ កាប់ និង គប់ដុំថ្ម ទៅលើជនរងគ្រោះមែន។ ជននេះនិយាយថា បក្សពួកខ្លួនម្នាក់បានបបូលខ្លួនឲ្យទៅតាមវាយ ជនរងគ្រោះដោយសារតែខឹងជនរងគ្រោះ តាមស្រលាញ់សង្សាខ្លួន (សង្សាពួកម៉ាក)។
ជននេះបញ្ជាក់ថា ក្រោយមក ពួកខ្លួនបានតាមស្វែងរកជនរងគ្រោះ លុះបានជួបនៅម្ដុំ ភូមិវត្តលៀប សង្កាត់ចំការសំរោង ពួកខ្លួនក៏ទាញកាំបិតកាប់ជនរងគ្រោះបណ្ដាលឲ្យរបួស ហើយនៅពេលជនរងគ្រោះរត់ ពួកខ្លួនក៏កាប់ម៉ូតូ និងយកដុំថ្មគប់បន្ថែមបណ្ដាឲ្យខូចខាតទាំងម៉ូតូ របួសទាំម្ចាស់។ ប៉ុន្តែប៉ុន្មានថ្ងៃ ក្រោយកើតហេតុក៏ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន តែបក្សពួកខ្លួន០២នាក់ រាប់ទាំងសាមីដើមរឿងផង បានរត់គេចខ្លួនបាត់ហើយ។
លោក ឈឿង គឹមសុង បានបញ្ជាក់ដែរថា នៅក្នុងសំណុំរឿងនេះ សាមីខ្លួនរងគ្រោះបានដាក់ពាក្យបណ្ដឹងផ្ទាល់ទៅតុលាការ ក្រោយកើតហេតុភ្លាម តែនៅពេលលោកទទូលបានព័ត៏មាននេះ ទើបលោកស្នងការបញ្ជាឲ្យលោកដឹកនាំកម្លាំង ចុះស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនបក្សពួកជនដៃដល់ម្នាក់ ខណៈ២នាក់រាប់ទាំងសាម៉ីខ្លួនដែលមានស្នេហាផង បានគេចខ្លួនបាត់ពីក្នុងភូមិ។
ទោះយ៉ាងណា ពេលនេះ មន្ត្រីជំនាញរបស់លោកកំពុងសួរនាំជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ៕






