ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១
លោកអភិបាលខណ្ឌចំការមន និងលោកអភិបាលរងខណ្ឌ រួមជាមួយមន្ត្រីរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលរស់នៅតាមមាត់ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ។
ការចែកអំណោយខាងលើនេះ រដ្ឋបាលខណ្ឌចំការមន បានរៀបចំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអោយប្រជាពលរដ្ឋ ទទួលម្ដងចំនួន ២០គ្រួសារ នឹិងរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា និងបានថែរក្សាអនាម័យអោយខ្ជាប់ខ្ជួន ដើម្បីចូលរួមក្នុងទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខណ្ឌ សម្រាប់រៀបចំពិធីចែកអំណោយខាងលើនេះ និងសូមគោរពជូនឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ អោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕