ខេត្តស្វាយរៀង ៖ ក្រោយពីរដ្ឋាភិបាលប្រកាសបិតព្រំប្រទលខេត្តមួយទៅខេត្តមួយទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ រយះពេល១៤ថ្ងៃនោះ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកស្វាយជ្រុំ ក្រោមការដឹកនាំរបស់លោក ហែម សារិទ្ធ បានចុះបិតទាំងយប់ទាំងថ្ងៃ ហើយនឹងកំពុងបន្តការអនុវត្តវិធានការបិទព្រំប្រទល់ខេត្តស្វាយរៀង និងខេត្តព្រៃវែង នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅទីតាំងផ្លូវជាតិលេខ១ ត្រង់ចំណុចឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងធ្វើបន្តរហូតដល់មានសេចក្តីសម្រេចថ្មី។
រដ្ឋបាលស្រុកស្វាយជ្រុំ បានសម្រេចវិធានការដ្ឋបាលបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាផ្អាកការលក់ដូរគ្រឿងស្រវឹង និងហាមឃាត់ការជួបជុំនានាផងដែរ លើកលែងតែការជួបជុំ នៅក្នុងគ្រួសារ ដែលមានសមាជិកគ្រួសារនៅក្នុងផ្ទះតែមួយ ។ ហើយវិធានការ និងបម្រាមទាំងនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកស្វាយជ្រុំ នៃខេត្តស្វាយរៀង។
លោកហែម សារិទ្ធ ប្រធាគណបញ្ជាការឯកភាពស្រុកស្វាយជ្រុំ បានបញ្ជាក់ថា រដ្ឋបាលស្រុកបានផ្អាកជាបណ្ដោះអាសន្ននូវ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត នៅចន្លោះម៉ោង ៨យប់ដល់ ម៉ោង ៥ភ្លឺ តែទីតាំងអាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។ ភោជនីយដ្ឋាន អាហារដ្ឋាន ទាំងអស់ មិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត។ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹង គ្រប់ប្រភេទ។
ចំពោះបុគ្គលដែលមិនគោរពតាមសេចក្ដីសម្រេចខាងលើ រដ្ឋបាលស្រុកស្វាយជ្រុំនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដែលបានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្វាយជ្រុំ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋយើងគ្រប់ៗរូប៕






