ឯកឧត្តម ដួង តារា ៖ ថ្ងៃអាទិត្យនេះ លោក ស៊ូ សុវណ្ណ អាយុ៥៩ឆ្នាំ និងភរិយាបានមកជួបខ្ញុំជាមួយលិខិតគោរពសុំអន្តរាគមន៍មក សម្តេចតេជោ មេត្តាជួយផ្តល់យុត្តិធម៌ជូនគាត់អំពីវិវាទដីធ្លីដែលមានជនអាថ៌កំបាំងម្នាក់បានមករារាំងដល់ការសាងសង់ងផ្ទះរបស់គាត់ តាមរយៈអាជ្ញាធរ។
លោក ស៊ូ សុវណ្ណ សព្វថ្ងៃបម្រើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។ គាត់បានទទួលដី១ដុំ (៧មx៣០ម) នេះ ហើយបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ ១៩៧៩ មានទីតាំងនៅភូមិចំបក់ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ជាងមួយឆ្នាំកន្លងផុតទៅហើយគាត់មានបំណងសាងសង់ផ្ទះតូចមួយដើម្បីរស់នៅ ហើយបានទិញឥដ្ឋ ស៊ីម៉ង់ត៌ ដែក…ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយមានការរារាំងពីសំណាក់អាជ្ញាធរតាមការទាមទាររបស់ជនអាថ៌កំបាំងម្នាក់។
ដោយមានបញ្ហារារាំងខាងលើ លោក ស៊ូ សុវណ្ណ បានស្នើសុំទៅមន្ទីរសុរិយោដីខេត្តអោយចុះមកពិនិត្យទីតាំងនិងបានវាស់វែងដើម្បីរៀបចំប័ណ្ណកម្មសិទ្ធជូនគាត់កុំអោយមានបញ្ហា។ ប៉ុន្តែក៏ត្រូវបានជនអាថ៍កំបាំងនោះរារាំងនៅសុរិយោដីស្រុកទៀត។ គាត់ក៏បានទៅទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ចាប់តាំងពីថ្នាក់ភូមិ ឃុំ ដល់ស្រុក ប៉ុន្តែគេបានអោយគាត់រង់ចាំរហូតមកដល់ពេលនេះតែមិនទាន់មានចម្លើយនៅឡើយ។
ក្រោយពីបានជួបគាត់ និងបានពិនិត្យឯកសារពាក់ព័ន្ធមួយចំនួនរួចមក ថ្ងៃមិញនេះខ្ញុំបានទាក់ទងទៅលោកអភិបាលស្រុកស្វាយជ្រុំដោយបានបញ្ជូនឯកសារមួយចំនួនរួមជាមួយស្នាមម្រាមដៃដែលពលរដ្ឋជាង៥០គ្រួសារផ្តិតមេដៃគាំទ្រទទួលស្គាល់ថា លោក ស៊ូ សុវណ្ណ ពិតជាម្ចាស់ដីរស់នៅអាស្រ័យផលតាំងពីឆ្នាំ ១៩៧៩ពិតប្រាកដមែន។ ខ្ញុំសូមអរគុណលោកអភិបាលស្រុកស្វាយជ្រុំដែលទទួលយកសំណើរបស់ពលរដ្ឋទៅដោះស្រាយដើម្បីគាត់បានសាងសង់ផ្ទះរស់នៅផុតបញ្ហាតទៅទៀត។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕






