ខេត្តបន្ទាយមានជ័យ ៖ រហូតមកដល់ព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១នេះ អាជីវករលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងធ្វើម្ហូបអាហារ កំប៉ិកកំប៉ុក ក្នុងផ្សារគុត្តសត បាននាំគ្នា បង្ហូរទឹកភ្នែកស្ទើរគ្រប់ៗគ្នា ដោយព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាជីវភាពប្រចាំថ្ងៃ ខណ:រដ្ឋបាលស្រុកអូរជ្រៅ បញ្ជាឱ្យគ្រឿងចក្រអេស្កាវ៉ាទ័រ ជីកកកាយផ្តាច់ផ្លូវចូលទៅក្នុងផ្សារ ស្ថិតក្នុងភូមិយាង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបណ្តេញពួកគាត់ឱ្យទៅជួល ឬទិញតូប លក់ដូរនៅក្នុងផ្សារ ដែលគេទើបបង្កើតថ្មី តែពួកគាត់ប្រាប់ថា ធ្លាប់កក់ប្រាក់ថ្លៃតូប ចូលលក់ដូរទីនោះម្តងហើយ តែលក់មិនដាច់ ព្រោះបញ្ហាវិបត្តជំងឺកូវីដ ១៩ ក៏នាំគ្នាទៅលក់ដូរនៅកន្លែងដើមវិញ ព្រោះម្ចាស់ដីផ្សារមួយនេះ មិនទាមទារឱ្យបង់ថ្លៃតូប លក់ដូរច្រើននោះទេ ដើម្បីជួយសម្រួលឱ្យពួកគាត់ លក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព ស្រាប់តែខាងស្រុកអូរជ្រៅ មិនមានការយោគយល់ ក៏រកវិធីបណ្តេញពួកគាត់ចេញតែម្តង ។
ខណ:ពេលដែលអាជ្ញាធរស្រុកអូរជ្រៅ កំពុងបញ្ជាឱ្យគ្រឿងចក្រ ជីកកកាយផ្តាច់ផ្លូវចូលទៅ ក្នុងផ្សារគុត្តសត មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋក្រីក្រ មកពីតាមភូមិបន្តចូលលក់ដូរនៅទីនោះទៀត ។
អាជីវករជាច្រើននាក់ទៀត នៅក្នុងផ្សារនេះ ស្ថិតក្នុងភូមិយាង ឃុំគុត្តសត ស្រុកអូរជ្រៅ បាននាំគ្នាស្រែកទ្រហោរយំ និងអង្វរក ឱ្យអាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខាងលើមេត្តាជួយសម្រួល ព្រោះបញ្ហាជំងឺកូវីដ ១៩ មិនទាន់ធូរស្បើយនៅឡើយទេ ណាមួយការលក់ដូរបន្លែ ត្រី សាច់ សព្វថ្ងៃនេះ គឺលក់មួយពេល រស់មួយថ្ងៃប៉ុណ្ណោះ ។
ពួកគាត់រៀបរាប់ទាំងទឹកមុខក្រៀមក្រំ ស្តាប់ទៅគួរឱ្យខ្លោចចិត្ត បន្តទៀតថា កាលពីប៉ុន្មានឆ្នាំមុន មានក្រុមឈ្មួញ សហការជាមួយនឹងអាជ្ញាធរស្រុកអូរជ្រៅ បានបង្កើតផ្សារថ្មីមួយ នៅក្បែរភូមិខាងលើ រួចបញ្ចុះបញ្ចូលឱ្យអាជីវករ ចូលទៅលក់ដូរ ដោយតម្រូវឱ្យពួកគាត់ទិញ ឬជួលមួយតូប ក្នុងតម្លៃ១៥០០ទៅ២០០០ដុល្លារ ហើយមុនពេលចូលទៅលក់គឺត្រូវកក់ប្រាក់ចំនួន២០០ដុល្លារ លុះពួកគាត់នាំគ្នាកក់ប្រាក់ ចូលលក់ដូរមិនដាច់ ក៏នាំគ្នាត្រឡប់មកលក់ដូរនៅកន្លែងដើមវិញ ដោយ អ្នកខ្លះលក់បន្លែត្រកួន១កញ្ច្រែង ខ្លះលក់ត្រួយអំពិល១ថាស ក៏មានអ្នកលក់ខ្យង ក្តាម និងបន្លែព្រលិត រំចង់ តិចតួច សម្រាប់យកថវិកាទៅដោះទ័លជីវភាព នាពេលជួបបញ្ហាវិបត្តិកូវីដ ១៩ ដែលមិនអាចចេញទៅធ្វើការចិញ្ចឹមជីវិតឆ្ងាយពីផ្ទះបានឡើយ ។
ស្រាប់តែរហូតមកដល់ពេលនេះ រដ្ឋបាលស្រុកអូរជ្រៅ ដឹកនាំដោយលោក យឹម សំណាង អភិបាលស្រុក បានបញ្ជាឱ្យគ្រឿងចក្រជីកកកាយផ្តាច់ផ្លូវចូលផ្សារ ក្នុងគោលបំណងបណ្តេញពួកគាត់ឱ្យទៅទិញតូប លក់ដូរនៅក្នុងផ្សារដែលគេបង្កើតថ្មីម្តងទៀត ។ ពួកគាត់បានរៀបរាប់ទាំងបង្ហូរទឹកភ្នែករហាម និងលើកដៃសំពះសូមអង្វរថា ពួកគាត់ក្រីក្រលំបាកវេទនាខ្លាំងណាស់ រកព្រឹកខ្វះល្ងាច គ្មានប្រាក់ទៅជួលតូបលក់ដូរនោះទេ ដូច្នេះសូមឱ្យលោកចៅហ្វាយខេត្តបន្ទាយមានជ័យ ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយដោះស្រាយបញ្ហានេះជូនពួកគាត់ផងដែរ ។
ជុំវិញករណីខាងលើនេះលោក យឹម សំណាង អភិបាលស្រុកអូជ្រៅបានប្រាប់ឱ្យដឹងថា ខាងលោកបានប្រគល់តួនាទីនេះឱ្យលោកអភិបាលរងស្រុកជាអ្នកចាត់ចែង ដោយព្រោះលោកកំពុងជាប់រវល់ការងារ បើចង់ដឹងច្បាស់ឱ្យទាក់ទងសួរនាំបន្តទៀតទៅ ។
ក្រោយមកភ្នាក់ងារយើង ក៏បានទាក់ទងទៅលោក ទូច សីហា អភិបាលរងស្រុកអូរជ្រៅ ដោយលោកបានឆ្លើយយ៉ាងខ្លីថា ខាងលោកគ្រាន់តែអនុវត្តការងារ តាមតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ បើចង់ដឹងច្បាស់ឱ្យទាក់ទងសួរនាំទៅខាងលោកអភិបាលស្រុកអូរជ្រៅវិញទៅ ព្រោះខាងរដ្ឋបាលស្រុកធ្វើបែបនេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋ លក់ដូរអនាធិបតេយ្យបន្តទៀត ៕






