ភ្នំពេញ ៖ ប្ដីប្រពន្ធ២នាក់ ត្រូវបានមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និងបក្ខពួក ដកកាំភ្លើងបាញ់ប្រហារចំនួន៥គ្រាប់ សំដៅមកលើរថយន្តរបស់ខ្លួន កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣ កែងនឹងផ្លូវ៦២៨ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះដែលត្រូវជនបង្ក តាមបាញ់ប្រហារចំនួន៥គ្រាប់ខាងលើ មាន ឈ្មោះ ភូ រីស្ស ស្តូរ៉ាន់ អាយុ៣៤ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធមានឈ្មោះ តាំង សុខឡេង អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកហ្គាវើល ស្នាក់នៅជាមួយគ្នា។ ចំណែកជនបង្កមាន ឈ្មោះ ដួង ណាគ្រី អាយុ៤៧ឆ្នាំ មានមុខងារជាមន្ត្រី នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន និងបក្ខពួកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់ មកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅភ្លាមៗផងដែរ។
បើកតាមសម្ដីបុរសរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្រពន្ធ បានបើករថយន្តម៉ាក រេងរ៉ូវើ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-4448 ចេញពីហូបអីនៅម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈរូបគាត់បើករថយន្ត មកដល់មុខអតីតក្លឹបកម្សាន្តរ៉ុក ក៏ស្រាប់តែមានជនបង្ក២នាក់ បើករថយន្តមួយគ្រឿង ម៉ាក លុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-51 53 មកពីក្រោយ ហើយចុចស៊ីផ្លេយ៉ាងរន្ធើនដាក់រូបគាត់ ទើបរូបគាត់បន្ថយល្បឿនឈប់ ចុះមកសួរថា មានរឿងអី? រីឯជនបង្កឆ្លើយថា អញចាប់ហ្អែង..! រួចជនរងគ្រោះ ក៏ឆ្លើយតបវិញថា ខ្ញុំខុសអី?
ប្រភពបន្តថា បន្ទាប់មកជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ក៏ឡើងលើរថយន្តបើកចេញទៅ ទើបជនបង្កបើកតាមពីក្រោយ ហើយមកគៀកឲ្យជនរងគ្រោះ បើករថយន្តមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រីឯជនរងគ្រោះក៏សុខចិត្តបើករថយន្តមកមុន ខណៈជិតដល់របងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ស្រាប់តែជនបង្កបើករថយន្ត មកកាក់ពីមុខជនរងគ្រោះ ទើបជនរងគ្រោះបើកថយក្រោយ បត់ក្បាលរថយន្តចេញ ក៏ស្រាប់តែជនបង្កម្នាក់ ចុះមកបាញ់ប្រហារ ទៅលើជនរងគ្រោះចំកញ្ចក់ពីក្រោយរថយន្ត រេងរ៉ូវើ ចំនួន៥គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធភ័យស្លន់ស្លោ រហូតដល់សន្លប់បាត់ស្មារតី រួចហើយជនបង្ក ក៏បានបើករថយន្តគេចចេញ ពីកន្លែងកើតហេតុមួយភ្លែត ក៏ត្រឡប់មកវិញ។
ភ្លាមៗនោះដែរ ដោយទីតាំងកើតហេតុ ក្បែរនឹងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបធ្វើឲ្យសមត្ថកិច្ច ចេញមកអន្តរាគមន៍ នាំខ្លួនជនបង្កទាំង២នាក់ ចូលទៅក្នុងអធិការដ្ឋានដើម្បីសួរនាំតែម្ដង។ ចំណែកស្ត្រីរងគ្រោះដែលសន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកបញ្ចូន ទៅមន្ទីរពេទ្យឯកជន រីឯបុរសរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង ទៅលើជនបង្កទាំង២នាក់ដើម្បីឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមនីតិវិធី៕









