ស្រុកភ្នំស្រុក ៖ កាលពីយប់ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ខែមីនា ឆ្នាំ២០២២ នេះវេលាម៉ោង១៩នឹង០០នាទីដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ
បានចាត់ឲ្យកម្លាំងនគរបាលស្រុកភ្នំស្រុកចុះពិនិត្យផ្ទះ របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ រងការខូចខាតអស់ចំនួន២០ខ្នងផ្ទះ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំនិងខ្យល់បោកបក់ខ្លាំងធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានបងប្អូនមួយចំនួនរួចមក លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក់ អធិការនគរបាលស្រុកភ្នំស្រុក បានដឹកនាំកម្លាំងអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍រដ្ឋបាលសរុប១០នាក់ចុះត្រួតពិនិត្យផ្ទះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្ដាក់ ដែលមានចំនួន៣ឃុំ ខូចខាតអស់ផ្ទះ២០ខ្នង។
ឃុំទាំង៣នៃស្រុកភ្នំស្រុកដែលរងការខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋរួមមានដូចខាងក្រោម៖ទី០១ ឃុំណាំតៅ រងការខូចខាតចំនួន ០៩ខ្នងផ្ទះ ។ ទី០២. ឃុំប៉ោយចារ រងការខូចខាតចំនួន៣ខ្នងផ្ទះ ។ និង ទី៣.ឃុំពន្លៃ រងការខូចខាតចំនួន ៨ខ្នងផ្ទះ ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក់ អធិការនគរបាលស្រុកភ្នំស្រុក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដើម្បីជួយរៀបចំផ្ទះ របស់ប្រជាពលរដ្ឋដែលរង់គ្រោះដោយសារមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់នោះផងដែរ៕






