ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យអាសូរណាស់ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ ជាសិស្សរៀននៅសាលាបឋមសិក្សាទំនប់《ក៥》 ត្រូវបានឃាតករសម្លាប់រួចយកសពទៅកប់ដីចោលយ៉ាងអាណោចអាធម្ម ដែលមានទីតាំងស្ថិតនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីលោកមេភូមិទំនប់ក៥បានប្រាប់សារព័ត៌មានថា ក្មេងស្រីដែលបាត់ខ្លួននោះមានឈ្មោះ ហួត លីហ្សា កើតនៅថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០១៤ ដែលមានឳពុក ឈ្មោះ សំ សាន្ត អាយុ ៣០ឆ្នាំ និង ម្តាយឈ្មោះ យៀន ខេមរា អាយុ៣១ឆ្នាំ គ្រួសារគាត់រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
បើតាមការរាបរបសឳពុកម្តាយក្មេងរងគ្រោះ បានអោយដឹងថា ពេលព្រឹកកូនស្រីរបស់ពួកគាត់បានទៅរៀនដូចសព្វមួយដង តែថ្ងៃត្រង់ហើយមិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបពួកគាត់ទៅសួរគណ:គ្រប់គ្រងសាលានិងលោកគ្រូ អ្នកគ្រូ ហើយបានដឹងថាកូនរបស់ពួកគាត់បានចេញពីរៀនតាំងពីម៉ោងជាង១០ព្រឹកនោះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ឳពុកម្តាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងករណីបាត់កូនស្រី ភ្លាមៗនោះលោកបានដឹកនាំកម្លាំងនគរបាលចុះស្រាវជ្រាវ ហើយនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ ក៏បានរកឃើញតែកាបូបដាក់សៀវភៅ ស្បែកជើង និងដបទឹករបស់ក្មេងស្រីរងគ្រោះនៅក្រៅសាលារៀន។ លុះដល់យប់ទើបរកឃើញក្មេងស្រីនោះ តែគួរអោយសោកស្តាយ នាងត្រូវបានឃាតករសម្លាប់បាត់ទៅហើយ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានរៀបរាបថា ពួកគាត់បានឃើញរថយន្តម៉ាកតូយ៉ូតា ហៃឡែនឌ័រ១គ្រឿងបើកចូលមកឈប់នៅក្នុងដីឡូតិ៍១កន្លែងក្បែភូមិកើតហេតុនេះ។ បានលឺដូច្នេះសមត្ថកិច្ចក៏បានទៅពិនិត្យនៅម្តុំនោះ ហើយក៏បានរកឃើញសាកសពកុមារីរងគ្រោះ មានតែអាវ តែគ្មានសំពត់កប់ក្នុងដីហើយសង្កត់ដុំថ្មពីលើទៀតផង ។
លោកអធិការក្រុងប៉ោយប៉ែតបានបន្តទៀតថា សមត្ថកិច្ចនគរបាលជំនាញក្រុងប៉ោយប៉ែត និងខេត្ត បានសហការគ្នារួមជាមួយសមត្ថកិច្ចចម្រុះធ្វើការពិនិត្យ ធ្វើកោសល្យវិច័យសព ហើយនឹងកំពុងកំណត់មុខសញ្ញាតាមរកចាប់ខ្លួនជនល្មើស ៕






