ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២នេះ ៖ នៅវេលាម៉ោង១១នឹង៤៥នាទីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុ ករណីឃាតកម្មលើកុមារីឈ្មោះ លួត លីសា អាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០២២នៅវេលាម៉ោង១២នឹង៣០នាទី ពីម្សិលមិញ លោកបានទទួលបណ្ដឹងពីពលរដ្ឋម្នាក់ឈ្មោះ សំ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានដឹងថា ពួកគាត់បានបាត់កូនស្រីម្នាក់ឈ្មោះ លួត លីហ្សា ភេទស្រី អាយុ៧ឆ្នាំ បានទៅរៀនម្នាក់ឯងនៅសាលាបឋមសិក្សាទំនប់ក៥ នៅម៉ោង១១ថ្ងៃត្រង់មិនឃើញកូនត្រឡប់មកពីរៀន ពួកគាត់បាននាំគ្នាទៅរកនៅសាលា ក៏មិនឃើញ បានឃើញតែកាបូបនិងស្បែកជើងនៅផ្លូវលំ១កន្លែង ទើបសម្រេចប្ដឹងសុំឲ្យនគរបាលជួយរក។
សូមបញ្ជាក់ថា៖លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីទទួលបានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ លោកបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង៩នឹង២០យប់ ទើបប្រទះឃើញសាកសពក្មេងស្រីត្រូវបានគេសម្លាប់ហើយយកទៅកប់ក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមានសង្កត់ដុំថ្មនិងគ្រប់មេកឈើ ក្នុងស្ថានភាពអាក្រាតកាយ។
ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ក្រោយប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ លួត លីសា លោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលផែនជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច្ច័យសព ពេលនេះលោកកំពុងដឹកនាំកម្លាំងចុះអនុវត្តនីតិវិធីដោយការយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការចាប់ឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕ សូម បន្តអនុវត្តវិធាន សុខាភិបាល ៣ កុំ ៣ ការពារ ។






