ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានបញ្ជូនខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនិងអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសគ្រឿងញៀន ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។
លោកស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន រួមសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានបន្តចុះបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់មានឈ្មោះ សាយ ពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន ៖ ទី០១-ថ្នាំគ្រាប់ពណ៌ក្រហម(WY) ៥៣គ្រាប់ មួយចំហៀង ; ទី០២-ម្សៅក្រាមសថ្លា ចំនួន២ថង់ , ទី០៣- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និង ទី០៤/-ទូរសព្ទដៃ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕






