ខេត្ដបន្ទាយមានជ័យ៖ ស្ត្រីមានផ្ទៃពោះ ៨ខែម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ទាំងម្ដាយ និងកូនក្នុងផ្ទៃដោយសាររន្ទះបាញ់ ខណៈកំពុងអង្គុយឆ្កឹះខ្យងនៅក្រោមដើមព្រីងមុខផ្ទះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។
សមត្ថកិច្ចបានឲ្យដឹងថា ស្តី្ររងគ្រោះមានឈ្មោះ បាន លី អាយុ ៤៤ឆ្នាំ មានប្តីឈ្មោះ ងួន មិត្ត អាយុ ៤៥ឆ្នាំ មានកូនចំនួន ៦នាក់(ទាំងកូនក្នុងផ្ទៃ) មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺពីកុមារាម្នាក់ឈ្មោះ មួង មុល អាយុ១២ឆ្នាំ ដែលត្រូវជាកូន បានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគេជាមួយ និងម្តាយ បានអង្គុយឆ្កឹះខ្យងស្ងោរនៅក្រោមដើមព្រីងនៅមុខផ្ទះ ដើម្បីទុកយកទៅលក់ ស្របពេលនោះមេឃបានធ្លាក់ភ្លៀងលាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំង បានបាញ់ចំម្តាយរបស់ខ្លួន ចំណែករូបគេមិនមានរងគ្រោះថ្នាក់នោះទេគ្រាន់តែហឹងត្រចៀក។
ក្រោយកើតហេតុស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសារសភាពធ្ងន់ធ្ងរ ស្ត្រីរងគ្រោះបានស្លាប់ ខណៈពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំទួលពង្រ៕






