ខេត្ដស្វាយរៀង ៖ នាថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ២០២០២នេះ លោក ប៊ី វុទ្ធី ក្រុមការងារថ្នាក់ខេត្ដចុះជួយឃុំស្វាយធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្ឆ្នាំ២០២២នេះ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។
នៅក្នុងកិច្ចប្រជុំនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ លោក ឈិន ផន ពៅពិសី លោក ទេព វង់ ក្រុមការងារលោក ប៊ី វុទ្ធី និងសហការី ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍រដ្ឋបាល លោកនាយកសាលា លោកគ្រូអ្នកគ្រូលោកមេភូមិ និងអនុភូមិ ព្រមទាំងលោកអាចារ្យគណៈកម្មការវត្តផងដែរ ។
ថ្លែងនាឪកាសនោះដែរលោក ប៊ី វុទ្ធី បានណែនាំការរៀបចំផែនការ និងរៀបចំកម្លាំងសមត្ថកិច្ចក៍ដូចជាកម្លាំងប្រជាការពារដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ ជាពិសេសគឺពង្រឹងក្នុងការការពារសន្តិ សុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ម្យ៉ាងវិញទៀតនៅតាមវត្តអារាមចំនួន៣វត្តគឺ វត្តសំរោងពេជ្រ,វត្តដក់ពរ និង វត្តស្វាយធំ ត្រូវរៀបចំទីធ្លាឲ្យបានស្អាត ឈូសឆាយផ្លូវឱ្យបានល្អនិងចងពិដានៅតាមទីវត្តអារាមឲ្យបានសមរម្យ ដើម្បីទទួលឯកឧត្ដមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្វាយធំ ដែលលោកអញ្ជើញមកចូលរួមកាន់បិណ្ឌនេះផងដែរ ។
លោកក៏បានណែនាំដល់សមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងប្រជាការពារទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ដោយភាពទទួលខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ជាពិសេសត្រូវធានាឲ្យបានសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ- និងបុណ្យភ្ជុំបិណ្ឌ ហើយត្រូវទប់ស្កាត់ឲ្យបានរាល់បទល្មើសនានាដែលអាចនិងកើតមានឡើង ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារមកប្រគេនព្រះសង្ឃនៅតាមទីអារាមក្នុងមូលដ្ឋានឃុំស្វាយធំនេះ ។
លោក ប៊ី វុទ្ធី បានបញ្ជាក់ថានៅពេលដ៏ខ្លីខាងមុខនេះនិងមានការប្រគួតបាល់ទះនៅក្នុងឃុំស្វាយធំយើងនេះដើម្បីដណ្តើមយកពានរង្វាន់ ក៏ដូចជាអបអរសាទរបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ ៕







