ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិក ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣បានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ «សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ» ដោយគឺអ្នកឈ្នះខ្សែក្រវាត់ នឹងទទួលបានផ្ទះវិឡាមួយនៅខេត្តសៀមរាប។
នេះបើតាមការបញ្ជាក់របស់ លោកឡាយ សំណាង ទីប្រឹក្សាក្រុមប្រឹក្សាកីឡាខេមរភូមិន្ទ និងជាម្ចាស់បុរីភូមិដ្ឋានសំណាងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ។ លោកឡាយ សំណាងបានបន្ថែមទៀតថា«ចំពោះការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់សម្តេចពិជ័យសេនានេះ មានរង្វាន់លើកទឹកចិត្តជាច្រើនដូចជាផ្ទះវីឡាភ្លោះនៅក្នុង ខេត្តសៀមរាប ដី២ឡូ និងរង្វាន់ផ្សេងៗទៀត សម្រាប់អ្នកជ័យលាភីលេខ១។ ដោយឡែក អ្នកទទួលបានជ័យលាភីលេខ២ នឹង ទទួលបានដីចំនួន២ឡូ។ រីឯបេក្ខភាព៦នាក់ផ្សេងទៀត ក៏នឹងទទួលបានរង្វាន់ផងដែរ»
ក្នុងសន្និសីទសារព័ត៌មាននេះផងដែរ ក៏បានបញ្ជាក់ថាខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមនេះគឺនឹងចំណាយពេល ១០សប្ដាហ៍ក្នុងការប្រកួតប្រជែងតាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំពោះបេក្ខភាពមាន៨រូបចែកចេញជាពីរ គឺពូល A ពូលB។កីឡាករទាំងពីរពូលតម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលរៀងៗខ្លួនបន្ទាប់មកអ្នកជាប់លេខ ១-២ បានឡើងទៅវគ្គខ្វែង (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)។ ដោយលេខ១ ពូល A ប៉ះលេខ២ ពូល B ចំណែកលេខ២ ពូល A ប៉ះលេខ១ ពូល B អ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕






