ព្រៃវែង ៖ មានសេចក្ដីរាយការណ៍មកថា នៅមូលដ្ឋានទឹកដីស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានទីតាំង ជល់មាន់តាមអនឡាញ ជាច្រេីនកន្លែងរីកដូចផ្សិត កំពុងតែបើកដំណេីរការយ៉ាងរលួន និង ពេញនិយម សំរាប់ក្រុមអ្នកញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងលេីកមុខមាត់ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានឲ្យល្អប្រសេីរ និងធ្វេីឲ្យជីវភាពប្រជាពលរដ្ឋ អ្នកញៀនល្បែងមួយចំនួនធ្លាក់ដុនដាប អស់ទ្រព្យសម្បត្តិ អស់ម៉ូតូឡាន ឯក្រុមគ្រួសារខ្លះទៀត ឈានដល់ការឈ្លោះប្រកែក បែកបាក់ លែងលះគ្នាក៏មាន។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ទីតាំងបនល្បែងជល់មាន់តាមទូរទស្សន៍ទាំងនោះរួមមាន ៖នៅឃុំគោកចក , ឃុំប្រាសាទ ,ឃុំប្រធាតុ , ឃុំចាម ឃុំអន្សោង, និងឃុំព្រៃពោន ហើយនៅមានជាច្រេីនកន្លែងទៀតដែលមិនទាន់រៀបរាប់អស់ ។
បញ្ហាល្បែង ជល់មាន់ តាមអនឡាញនេះប្រជាពលរដ្ឋដែលមិនពេញចិត្តនិងល្បែងសុីសងប្រភេទនេះបានលេីកឡេីងនិងខ្សឹបប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មានការព្រួយបារម្មណ៍អំពីសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋាន ទឹកដី របស់ពួកគាត់ រស់នៅខ្លាចកេីតមាននូវអំពេី លួច.ឆក់.ប្លន់.និងអំពេីហឹង្សាជាដេីម ព្រោះល្បែងសុីសងជាដេីមចម នៃបទល្មេីស ផ្សេងៗ ។
ប្រជាពលរដ្ឋលេីកឡេីងថា ឯណាទៅពាក្យថា ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧ចំណុច បេីកល្បែងសុីសង រីកដូចផ្សិត ចំណែក អាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័ នៅមូលដ្ឋាន នាំគ្នាសំងំស្ងៀម ដូចត្រូវថ្នាំសណ្ដំ។
សូមរំលឹកថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
បន្ថែមពីលេីនេះទៀត កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញលិខិតបង្គាប់ការ មួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ។
មហាជនរងចាំមេីលថាតេីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហ៊ានចុះបង្ក្រាបទីតាំងល្បែងសុីសង ជល់មាន់តាមអនឡាញ ទាំងនោះដែរឬទេ? ៕