ខេត្ដស្វាយរៀង៖ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២នេះ ជាថ្ងៃផ្តាច់ព្រ័ត្រនៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រះវិហារ កំពង់ចាម បន្ទាយមានជ័យ និងកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និងប្រតិភូខេត្តតៃនិញ ខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋចូលរួមច្រេីនកុះករប្រកបដោយទិដ្ឋភាពសប្បាយរីកាយ ។
សូមជម្រាបជូនថា សម្រាប់ជ័យលាភីទូកដែលទទួលបានពានររង្វាន់នៅថ្ងៃនេះរួមមាន៖ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ,ចំណាត់ថ្នាក់លេខ២ ទូក ឈ្មោះ ពោធិ៍ធំតេជោសែនជ័យ មកពី
វត្តពោធិ៍ធំខេត្តព្រៃវែង, ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង មកពី កងរាជអាវុធហត្ថខេត្តព្រះវិហារ ។
- ផែនទី២ ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ចំណាត់ថ្នាក់លេខ ៣ ទូក ឈ្មោះ គ្រុឌមាសតេជោសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប។
ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ ១ទូក ឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ , ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ចំណាត់ថ្នាក់លេខ៣ ទូក ឈ្មោះ សាធារណៈការសែនជ័យបារមីព្រះវិស្ណុ មកពីមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តស្វាយរៀង។
ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល មកពីសាលាស្រុករមាសហែក ។
សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា១៥លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា១០លានរៀល ។ ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀលចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៣លានរៀល និងចំណាត់ថ្នាខ៣ ទទួលបានថវិកា១លានរៀល ។
ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ ៕