(ឧត្តរមានជ័យ)ដោយមានការចង្អុលបង្ហាញនិងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៏ទោហួតសុធី ស្នងការនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យ រយ:ពេល១ថ្ងៃកម្លាំងជំនាញក្រុងសំរោងបានសហការជាមួយកម្លាំងប៉ុស្តិ៏ធ្វើការស្រាវជ្រាវបង្ក្រាបបាន២ករណីផ្សេងគ្នាក្នុងនោះឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន៦នាក់ ជាប់ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀនជាក់ស្តែងកាលពីអំឡុងចុងសប្តាហ៏កន្លងទៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង០០នាទី សស្ថិតនៅក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានកើតករណីលួចម៉ូតូនៅចំណុចរោងជាងមួយកន្លែង បង្ករឡើងដោយជនសង្ស័យឈ្មោះ សីហា ប្រាក់ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបេង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរ៖ កសិករ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ របស់ជនរងគ្រោះឈ្មោះ សៀង លី ភេទ អាយុ ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដែលបានចតទុកនៅមុខផ្ទះដោយពុំបានដកកូនសោរចេញ ជិះគេចខ្លួនបាត់ រហូតដល់ព្រំប្រទល់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ក៏ត្រូវបានកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបន្សាយរាក់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកខ្ពស់ ដឹកនាំដោយលោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង ឃាត់ខ្លួនបាន នៅចំណុចភូមិឈេីស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល បញ្ជូនមកកាន់អធិការដ្ឋានដេីម្បីសាកសួរ ។
បើយោងតាមរបាយការណ៏របស់នគរបាលក្រុងសំរោង បានបញ្ជាក់ថា ក្រោយពីបានសួរចម្លើយរួចមក លោកអធិការ បានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងនគរបាលយុត្តិធម៌ស្រុកបន្ទាយអំពិល ចុះទៅដល់ផ្ទះឈ្មោះ យ៉ាន សីហា ធ្វើការឆែកឆេរ រកឃើញវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន ០៣ គ្រឿង, គ្រឿងបន្លាស់ម៉ូតូមួយចំនួន, ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស (ម៉ាកទឹកកក) ចំនួន ១០.៣៧ ក្រាម, មេតំហ្វេតាមីនWY ចំនួន ០២ កញ្ចប់ ស្មើនឹង ៨.៥០ ក្រាម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់បន្ថែមទៀតដែលមានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ យ៉ាន សីហា ភេទប្រុស អ្នកទទួលទិញម៉ូតូ និងចែកចាយគ្រឿងញៀន (តេស
សារធាតុញៀនវិជ្ជមាន)។
២/ឈ្មោះ សេង ស្រីនាង ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរ កម្មកររងចក្រ។
៣/ ឈ្មោះ ជន សំរេច ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងក្រឡឹង (តេសសារធាតុញៀនវិជ្ជមាន)។
៤/ឈ្មោះ រំ រិទ្ធសែន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងក្រឡឹង (តេសសារធាតុញៀនវិជ្ជមាន)។
៥/ ឈ្មោះ ធូ ធារី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងក្រឡឹង (តេសសារធាតុញៀនវិជ្ជមាន)។
គួររំលឹកថា បើតាមការអះអាងពីលោកវរសេនីយ៏ឯកហមភិរម្យ អធិការក្រុងសំរោងបានបញ្ជាក់បន្ថែមឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះក្រោយពីមានការរបាយការណ៏ពីប្រជាពលរដ្ឋមកថា នៅវេលាម៉ោង៩និង០០នាទីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣មានករណីលួចម៉ូតូខណ:នោះកម្លាំងជំនាញធ្វើការ សហការស្ទាក់ចាប់បានជនសង្ស័យបានភ្លាមៗនាំខ្លួនមកកាន់អធិការសាកសួរតាមនីតិវិធី បន្ទាប់មកកម្លាំងជំនាញស្រាវជ្រាវសុើបអង្កេតបន្តរហូតឈានដល់ការឃាត់ខ្លួនបានក្រុមបក្សពួករហូតដល់ទៅ៥នាក់បន្ថែមទៀតសរុបទាំងអស់ចំនួន៦នាក់ហើយក្រុមនេះជាបក្សពួកតែមួយ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំទៅកាន់អធិការដ្ឋានក្រុងសំរោង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ដ។





