ស្វាយរៀង ៖ អភិបាលស្រុករំដួល លោក ហែម សុីណា និងសហការី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បាន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យផ្លូវបេតុងថ្មីមួយខ្សែដែលមានប្រវែង៦៣៥ ម៉ែត្រ, ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃចំការ ឃុំធ្ម ស្រុករំដួល ខេត្ដស្វាយរៀង ខណៈដែលផ្លូវជាច្រើនខ្សែរត្រូវបានស្ថាបនារួចរាល់ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
ដោយមានការអញ្ចើញចូលរួមពី៖មន្ត្រីបច្ចេកទេសខេត្តចុះស្រុករំដួល,មន្ត្រីលិទ្ធកម្មគាំទ្រឃុំ,លោកមេឃុំ,ក្រុមប្រឹក្សាឃុំ,លោកនាយប៉ុស្ដិ៍រដ្ឋបាល,លោកមេភូមិ,និងម្ចាស់ក្រុមហ៊ុនទទួលការសាងសង់ផងដែរ។
មន្ត្រីបច្ចេកទេសបានឲ្យដឹងថាចំពោះផ្លូវបេតុងមួយខ្សែនេះក្រោយពីពិនិត្យរួចឃើញថា ការសាងសង់នេះត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស ទំហំគ្រប់បណ្ដោយនិងទទឹងផ្លូវ,កម្រាស់គ្រប់, ចំណែកឯ គុណភាពស៊ីម៉ង់ទទួលយកបាន ឃើញថាសុឺម៉ង់លាយបានល្អ ។
លោកហែម សុីណា បានលើកឡើងថា ផ្លូវបេតុងជាច្រើនខ្សែរដែលបានសាងសង់រួចកាលពីពេលថ្មីៗនេះក៏ដូចជាផ្លូវក្រាលថ្មបំបែកផ្សេងៗទៀត គឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ដោយកន្លងមកផ្លូវទាំងនេះមានការខូចខាតធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរមូលដ្ឋានដុតដៃដុតជើងដើម្បីឲ្យពលរដ្ឋធ្វើដំណើរទៅមកយ៉ាងងាយស្រួលទៅប្រកបរបរផ្សេងៗក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ផ្សេងៗក៏ដូចជាធ្វើដំណើរ ទៅកាន់ទីវត្តអារាមនានានៅក្នុងភូមិសាស្ត្រផងដែរ។
ហើយផ្លូវដែលស្ថាបនាថ្មីទាំងអស់នេះ នឹងសម្រួលដល់ការធ្វើដំណើរ ធានាបាននូវសុវត្ថិភាព និងជួយសម្រួលចរាចណ៍ដល់ពលរដ្ឋទាំងអស់ឲ្យមានភាពងាយស្រួល។
ជាមួយនឹងសមទ្ធិផលថ្មីនេះដែរ អាជីករ និងប្រជាពលរដ្ឋមានអារម្មណ៍សប្បាយរីករាយចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ៕






