ស្វាយរៀង៖ លោកហែម ស៊ីណាអភិបាលនៃគណៈអភិបាលស្រុករំដួល អញ្ជើញចូលរួមកិច្ចប្រជំលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ។
ដោយបានអញ្ជើញចូលរួមពី៖ គណៈអធិបតីក្នុងកិច្ចប្រជុំពង្រឹងការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់នៅស្រុករំដួល , លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្វាយទាប ,លោកប្រធានការិយាល័យច្រកចេញ-ចូលតែមួយ នៃមន្ទីរសុខាភិបាល, នាយករដ្ឋបាលស្តីទីស្រុករំដួល, ប្រធាន និងមន្ត្រីការិយាល័យច្រកចេញ-ចូលតែមួយស្រុករំដួល,លោក មេឃុំ,លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, និងលោក លោកស្រីប្រធានមណ្ឌលសុខភាព មន្ត្រីពាក់ព័ន្ធ ព្រមទាំងលោក លោកស្រីម្ចាស់ទីតាំងសេវាសុខាភិបាលឯកជនទូទាំងស្រុក ផងដែរ ។
ឆ្លៀតនៅក្នុងឱកាសនោះដែរលោកហែម ស៊ីណា បានជំរុញឲ្យគ្រូពេទ្យទាំងអស់ត្រូវប្រកបវិជ្ជាជីវៈសុខាភិបាលនិងត្រូវមានអាជ្ញាប័ណ្ណ ស្ដាប់តាមកាលណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រូវយកចិត្តទុកដាក់គោរពច្បាប់គតិយុត្ត នានារបស់ក្រសួងសុខាភិបាលផងដែរ ហើយគ្រូពេទ្យទាំងអស់មិនថាឯកជនមិនថារដ្ឋត្រូវមានស្នាមញញឹមជាមួយបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលជម្ងឺ ។
លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ទន្ទឹមនឹងការចូលរួមចំណែកក្នុងការអនុវត្តនូវ គោលដៅយុទ្ធសាស្ត្រ ៩ ចំណុច និងផែនការអាទិភាព ៣ របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល វិស័យសុខាភិបាលឯកជន បានដើរតួប្រដមប្រសងគ្នាជាមួយវិស័យសុខាភិបាលសាធារណៈ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
លោកវេជ្ជបណ្ឌិត បានបន្តថា ដើម្បីឱ្យការងារគ្រប់គ្រង និងលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់អោយមានប្រសិទ្ធភាព លេខាធិការដ្ឋាន អង្គភាពពាក់ព័ន្ធ និងមន្រ្តីទទួលបន្ទុកសេវាសុខាភិបាលឯកជន រួមទាំងម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ទាំងមុន និងក្រោយពេលផ្តល់សេវា ។
ករណីម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឯកជនទាំងឡាយណា ដែលពុំអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែលបានកំណត់ ៕






