នៅព្រឹកថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានក្រេីនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន រួមមាន ការជួញដូរចែកចាយប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច-ឆក់-ប្លន់ ល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និង ប្រសិទ្ធភាព។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរៀបចំផែនការចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនដល់សហគមន៍ គ្រប់មជ្ឈដ្ឋានឱ្យបានជ្រួតជ្រាប និងឱ្យមានការចូលរួម អនុវត្តពីបងប្អូនប្រជាពលរដ្ឋឱ្យបានសកម្ម។ រួមទាំងចុះរៀបចំវេទិកាសាធារណៈឱ្យបានទៀតទាត់ ដើម្បីស្តាប់សំណូមពរ បញ្ហាប្រឈមដែល កើតមាននៅក្នុងមូលដ្ឋាន សំដៅរួមគ្នាដោះស្រាយ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្ដមអភិបាលខេត្ត ជំរុញឱ្យបន្តទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្ស គេចសាលាទៅប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី និងឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ពិសេសត្រូវបន្តអនុវត្តផែនការសកម្មភាពជាប់ជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង នៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ចាម។ ព្រមទាំងបន្តសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ តាមរយៈការអនុវត្តន៍ផែនការ លិខិតបទដ្ឋាន គតិយុត្តិ និងផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការបន្តជំរុញការអនុវត្តន៍ ច្បាប់ចរាចរផ្លូវគោកផងដែរ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នេីដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលុបបំបាត់កន្លែងបញ្ចាំងវីដេអូអាសអាភាស និងល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ ។ លេីសពីនោះត្រូវបន្តជំរុញការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស ការធ្វើអាជីវកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ពិសេសត្រូវយកចិត្ត ទុកដាក់ស្រាវជ្រាវ បង្ក្រាបលើករណីរំលោភសេពសន្ថវៈ ដោយមិនមានការសម្រុះសម្រួលឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព ក្នុង ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាគោល នយោបាយដាក់ចេញដោយរដ្ឋាភិបាល រហូតដល់ខេត្ត កំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ១០៨ឃុំ-សង្កាត់ ក្នុងចលនាប្រឡងប្រណាំងការអនុវត្ត គោលនយោយបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ៕






