នារសៀលថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
បន្ទាប់ពីដំណើរទស្សនកិច្ចការងារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូថ្នាក់ដឹកនាំក្រសួងសុខាភិបាល កន្លងទៅថ្មីៗនេះ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងរៀបចំផែនការអនុវត្តតាមអនុសាសន៍រួម របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងការចែករំលែកនូវបទពិសោធន៍ល្អៗ នៃមណ្ឌលសុខភាពបាសាក់ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ លោកប្រធាន អនុប្រធានមន្ទីរពេទ្យខេត្ត លោកប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៤ លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកទាំង៥ លោក លោកស្រីប្រធានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ទាំង៥២។
ក្នុងដំណើរការនៃកិច្ចប្រជុំនេះ ក៏មានការពិភាក្សា ការចូលរួមជាមតិយោបល់ ពីសំណាក់ លោក លោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យចំណុះមន្ទីរ លោកប្រធានមន្ទីរពេទ្យខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិផងដែរ ដើម្បីជាយន្តការ និងដំណោះស្រាយ ធ្វើយ៉ាងណាជំរុញអោយការអនុវត្តន៍របស់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខេត្តស្វាយរៀង កាន់តែមានភាពល្អប្រសើរឡើងប្រកបដោយប្រសិទ្ធភាព ស័កសិទ្ធភាព និងបរិយាបន្ន សម្រេចតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការកែលម្អមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់រយៈពេល ១០០ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
សូមគោរពបញ្ជាក់ជូនថា ក្រោយចប់កិច្ចប្រជុំ លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំ សមាសភាពនៃអង្គប្រជុំទាំងអស់ ពិសេសលោក លោកស្រីប្រធានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង៥២ ទៅទស្សនកិច្ចដោយផ្ទាល់នៅមណ្ឌលសុខភាព បាសាក់ ដើម្បីដកស្រង់បទពិសោធន៍ និងផ្តិតយករូបភាព ជាគំរូសម្រាប់មូលដ្ឋានសុខាភិបាលផ្សេងទៀត យកទៅអនុវត្ត និងមានគំនិតច្នៃប្រឌិតបន្ថែម៕






