ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហឹង្សា ( ប្រើកាំបិតផ្គាក់កាប់យកម៉ូតូ ) កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣០នាទី នៅចំណុចភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ ០២នាក់ រួមមាន ៖ ទី១-ឈ្មោះ រស់ រដ្ឋា ហៅថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន ) និងទី២-ឈ្មោះ យូ រៈ ហៅ រះ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៣ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះម្នាក់មាន ឈ្មោះ ឡុង ស៊ីណាត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរការ ឃុំឬស្សីស្រុក ស្រុកអង្គឈ្នួល ខេត្តកណ្តាល ។ សម្ភារៈបាត់បង់ ៖ ម៉ូតូ ០១គ្រឿងម៉ាកសេ១២៥ ផលិតឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1W.0477 ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យមានបក្ខពួកចំនួន ១០នាក់ រួមមាន ៖ ១-ឈ្មោះ ហេង ២-ឈ្មោះ ភា ៣-ឈ្មោះ ហុង ៤- ឈ្មោះ រស់ រដ្ឋា ហៅថា ៥-ឈ្មោះ កិត ៦-ឈ្មោះ ធូ ៧-ឈ្មោះហ្គិច ៨-ឈ្មោះ ស្វិត ៩-ឈ្មោះ យូ រះ ១០-មិនស្គាល់ឈ្មោះ បានធ្វើការសកម្មភាពកាប់ទៅលើជនរងគ្រោះវាយយកម៉ូតូ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៤និង០០នាទី នៅចំណុចភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយឡែកជនសង្ស័យ៨នាក់ទៀត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត៕






