កំពត ៖ យោងតាមគណនីហ្វេកប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាយបំភ្លឺជុំវិញករណីបាត់រថយន្តនៅទឹកដីខេត្តកំពត ដែលមានខ្លឹមសារដូចខាងក្រោម៖
សូមបំភ្លឺជូនសាធារណៈជន អោយបានជ្រាបថានៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលព័ត៌មានតាមរយៈហ្វេសប៊ុក ឈ្មោះ មេឃវេហា៍ បញ្ជាក់ថាបាត់រថយន្តនៅទឹកដីខេត្តកំពតម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AV-8367 ដោយបញ្ជាក់ថាបាត់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩។
តាមរយៈព័ត៌មាននេះ សមត្ថកិច្ចនៃស្នងការដ្ឋានបានស្រាវជ្រាវ នឹងទទួលបានលទ្ធផលដូចខាងក្រោម ៖
-នារីម្ចាស់ហ្វេសប៊ុក ឈ្មោះ តូច ណាវី កើតឆ្នាំ ១៩៨០ នៅភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត បច្ចុប្បន្ននៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំពិល ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ។
-រថយន្តនេះ ពុំបានបាត់ទេគឺប្តីឈ្មោះឆុន សិលា អាយុ ៣៥ ឆ្នាំ នៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត (មានចុះសំបុត្រអាពាហ៍ពិពាហ៍នៅឃុំដូនយ៉យ ស្រុកឈូក) អ្នកទាំងពីរ (មានបញ្ហាទាស់ទែងគ្នាជាពាក្យសម្តីក្នុងគ្រួសារ) ទើបនារីនេះបង្ហោះសារថារថយន្តរបស់ខ្លួនត្រូវបានបាត់ ពាក់ពន្ធ័ករណីខាងលើនេះគឺបានធ្វើអោយប៉ះពាល់ដល់កត្តិយសសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តកំពតទាំងមូល។
ដូច្នេះនារី តូច ណាវី បានប្តឹងដោយភូតកុហកដល់អាជ្ញាធរ នាំឱ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ អំពើនេះបំពានមាត្រា ៥២៤ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្ន (០៨ កក្កដា ២០១៩) នារី តូច ណាវី ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីចាត់ការតាមច្បាប់ ។ នេះជាសារដល់បងប្អូនទាំងអស់គ្នាមុនធ្វើអ្វីមួយត្រូវគិតគូរឲ្យបានច្បាស់លាស់ជៀសវាងបង្កបញ្ហាដល់ខ្លួន៕






