ខេត្តសៀមរាប ៖ បុរសជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានចូលទៅសារភាព នៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌ ក្រាំងក្រូច ស្ថិតភូមិស្រះខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បន្ទាប់ពីបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនរួចមក។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះឈ្មោះសៅ គឹមហៀង អាយុ៤២ ឆ្នាំមុខរបរលក់ដូរ ត្រូវជាប្រពន្ធ។
សមត្ថកិច្ចបានបន្តទៀតថា នៅវេលាម៉ោង០៥ និង៣០នាទីថ្ងៃទី០៨ខែមីនាឆ្នាំ២០២២នៅ ត្រង់ចំណុចក្នុងផ្ទះស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតប័ងតោ និងកូនកាំបិតមុខស្រួចចាក់ និង កាប់ចំកញ្ចឹងករប្រពន្ធ បណ្ដាលឲ្យស្លាប់តែម្ដង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់ទៅសារភាពនៅកន្លែងសមត្ថកិច្ច។
ប្រភពបន្តទៀតថាជនសង្ស័យមានជំងឺប្រចាំកាយច្រើន និង មិនពេញចិត្តនឹងទង្វើរបស់ប្រពន្ធដែលមិនយកចិត្តទុកដាក់មើលថែម្តាយបង្កើតរបស់ខ្លួនផងនោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញអនុវត្តន៍តាមនីតិវិធី។
ចំណែកសាកសពស្ត្រីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕






